ជនសង្ស័យ បាញ់សម្លាប់អតីតប្រធានសភាអ៊ុយក្រែន ត្រូវបានចាប់ខ្លួន
ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មសម្លាប់អតីតប្រធានសភា លោក Andriy Parubiy។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ ២០២៥។
តាមបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បញ្ជាក់ថា «ជនសង្ស័យបានផ្តល់ចម្លើយដំបូងហើយ។ឥឡូវនេះ សកម្មភាព ស៉ើបអង្កេត ជា បន្ទាន់ កំពុង ដំណើរការ ដើម្បី កំណត់ ហេតុ នៃ ឃាតកម្ម នេះ » ដោយបន្ថែមថា «គ្រប់កាលៈទេសៈទាំងអស់នៃឃាតកម្មដ៏រន្ធត់នេះ ត្រូវតែលាតត្រដាង»។
តាមរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko ជនសង្ស័យត្រូវបានឃុំខ្លួនមួយយប់ នៅក្នុងតំបន់ Khmelnytskyi ភាគខាងលិចប្រទេស។ លោក Klymenko និយាយថា ព័ត៌មានលម្អិតជាច្រើនមិនទាន់អាចចែករំលែកបានទេ ដោយគ្រាន់តែអាចប្រាប់បានថា «ឧក្រិដ្ឋកម្មនេះត្រូវបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន»។
គួរបញ្ជាក់ថា លោក Parubiy អាយុ ៥៤ឆ្នាំ គឺជាអតីតប្រធានសភាអ៊ុយក្រែន ពីខែមេសា ឆ្នាំ ២០១៦ ដល់ខែសីហា ឆ្នាំ ២០១៩។ លោកត្រូវបានគេបាញ់សម្លាប់នៅទីក្រុង Lviv ភាគខាងលិច កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ៕
