ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ីជីនពីងលោកពូទីននិងលោកគីមជុងអ៊ុនមានវត្តមានរួមគ្នាជាលើកដំបូងនៅឯព្យុយាត្រាយោធាដ៏ធំមិនធ្លាប់មានរបស់ចិនអបអរទិវាជ័យជម្នះ

126

ប៉េកាំងចិននៅថ្ងៃពុធ ទី៣ ខែកញ្ញា បានចាប់ផ្ដើមធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មាន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា ជាមួយការប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយសន្តិភាព នៅក្នុងពិភពលោកមួយដែលឱបរឹតដោយ ភាពចលាចល និងមិនច្បាស់លាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន People’s Daily។

លោក ស៊ី ជីនពីង លោក ពូទីន និងលោក គីម ជុងអ៊ុន មានវត្តមានរួមគ្នាជាលើកដំបូងនៅឯព្យុយាត្រាយោធាដ៏ធំមិនធ្លាប់មានរបស់ចិន។

ចិន នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានចាប់ផ្ដើមពិធីព្យុហយាត្រាដ៏ធំសម្បើមមួយមិនធ្លាប់មាន ជាការបង្ហាញពីអំណាចយោធា និងភូមិសាស្ត្រនយោបាយ ខណៈលោកប្រធានាធិបតី ស៊ី ជីនពីង កំពុងព្យាយាមបង្ហាញទៅកាន់ពិភពលោកថាចិនគឺជាអាណាព្យាបាលនៃសណ្ដាប់ធ្នាប់អន្តរជាតិជំនួសសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ស៊ី ជីនពីង បានបង្ហាញខ្លួននៅឯពិធីព្យុហយាត្រាយោធា ដោយដើរក្បែរប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លើ កម្រាលព្រំក្រហម ឡើងទៅលើវេទិកានៅឯទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា។ 

លោក ស៊ី ជីនពីង ដែលស្លៀកសម្លៀកបំពាក់ដូចគ្នាទៅនឹងអតីតមេដឹកនាំចិន លោក ម៉ៅ សេទុង បានទទួលស្វាគមន៍បណ្ដាមេដឹកនាំបរទេសមកពីប្រទេសចំនួន២៦ ដែល ភាគច្រើនជាមេដឹកនាំមកពីបណ្ដាប្រទេសមិនមែនលោកខាងលិច ក្នុងនោះរួមមានទាំងប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ដែលបានបង្ហាញវត្តមានដ៏គួរឱ្យ ភ្ញាក់ផ្អើលបន្ទាប់ពីមានសេចក្ដីរាយការណ៍ថារូបលោកបានលុបចោលដំណើរទស្សនកិច្ចទៅចិន ដោយសារតែបាតុកម្មតវ៉ានៅក្នុងស្រុក។ លោក ស៊ី ជីនពីង បានផ្ដើមទទួល ស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិជាមួយការនិយាយជាភាសាអង់គ្លេសដែលមានន័យថា «រីករាយដែលបានជួបអ្នក ហើយស្វាគមន៍មកកាន់ប្រទេសចិន»។ 

គួរបញ្ជាក់ថា តាមអាជ្ញាធរចិន មានមនុស្សចូលរួមប្រហែលជា ៥០ ០០០នាក់នៅឯទីលាន Tiananmen ដើម្បីរង់ចាំមើលព្យុហយាត្រាយោធាដែលត្រូវបានគេរំពឹងថាចិន នឹងសម្ញែងអាវុធថ្មីទំនើបៗចុងក្រោយបំផុតរបស់ខ្លួន ដូចជាដ្រូន និងមីស៊ីលល្បឿនលឿនជាងសំឡេង៕

អត្ថបទដែលជាប់ទាក់ទង