លោកត្រាំចោទលោកស៊ីជីនពីងលោកគីមជុងអ៊ុននិងលោកពូទីនថាកំពុងរួមគំនិតប្រឆាំងសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២ ខែកញ្ញា (ម៉ោងនៅវ៉ាស៊ីនតោន) បានចោទប្រកាន់មេដឹកនាំចិន កូរ៉េខាងជើង និងរុស្ស៉ីថាកំពុងរួមគំនិតគ្នាប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈមេដឹកនាំនៃប្រទេសទាំង៣ ជួបគ្នាក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការលើកឡើងខាងលើរបស់លោក ត្រាំ ធ្វើឡើងចំពេលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមជាមួយលោក ស៊ី ជីនពីង នៅឯពិធីព្យុហយាត្រាយោធាដ៏ធំមួយ មិនធ្លាប់មានដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ដែលត្រូវបានចិនចាត់ទុកថាជាទិវាជ័យជម្នះ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ផ្ញើទៅកាន់លោក ស៊ី ជីនពីង លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សូមផ្ញើការគោរពយ៉ាងកក់ក្ដៅរបស់ខ្ញុំទៅកាន់ (លោក) វ្ល៉ាឌីមៀ ពូទីន និង (លោក) គីម ជុងអ៊ុន ខណៈពួកអ្នកកំពុងរួមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ចិន នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានចាប់ផ្ដើមពិធីព្យុហយាត្រាដ៏ធំសម្បើមមួយមិនធ្លាប់មានដោយមានការចូលរួមពីបណ្ដាមេដឹកនាំមកពីប្រទេសមិនមែនលោកខាងលិច ក្នុងនោះរួមមានលោក ពូទីន និងលោក គីម ជុងអ៊ុន៕

