លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១ វត្តបទុមវតីរាជវរារាម
ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១ វត្តបទុមវតីរាជវរារាម ជាមួយនឹងសហការីព្រមទាំង លោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌទី១។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសូមឧទ្ទិសកុសលផលបុណ្យនេះជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វការីជន ញាតិកាទាំង ៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី។សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕


