អ៊ីស្រាអែលបើកការវាយប្រហារលើមេដឹកនាំហាម៉ាសនៅកាតា, សំឡេងផ្ទុះជាច្រើនត្រូវគេឮនៅទីក្រុងដូហា
ដូហា៖អ៊ីស្រាអែល នៅថ្ងៃអង្គារ បានបើកការវាយប្រហារមួយលើមេដឹកនាំរបស់ក្រុមហាម៉ាសនៅក្នុងប្រទេសកាតា ដោយពង្រីកប្រតិបត្តិការយោធារបស់ខ្លួនដែលគ្របដណ្តប់នៅតំបន់មជ្ឈិមបូព៌ា ឱ្យរាប់បញ្ចូលទាំងរដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្រមួយនេះ ដែលជាទីតាំងមូលដ្ឋាននយោបាយដ៏យូរអង្វែងរបស់ក្រុមអ៊ីស្លាមប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីអ៊ីស្រាអែលម្នាក់បានបញ្ជាក់ពីការវាយប្រហារនេះ ខណៈទូរទស្សន៍ Al Jazeera របស់កាតា បានដកស្រង់ប្រភពពីក្រុមហាម៉ាសថា គោលដៅគឺក្រុមអ្នកចរចាបទឈប់បាញ់របស់ខ្លួន។ ក្រុមសាក្សីបានរាយការណ៍ពីសំឡេងផ្ទុះជាច្រើនកក្រើកទីក្រុងដូហា ស្របពេលគេឃើញផ្សែងខ្មៅហុយចេញពីស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលនៅជាប់នឹងបរិវេណលំនៅដ្ឋានដែលត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ម្នាក់ថា ការវាយប្រហារនេះគឺសំដៅលើមេដឹកនាំកំពូលរបស់ហាម៉ាស រួមមានលោក Khalil al-Hayya ដែលជាប្រធាន និងជាអ្នកចរចាជាន់ខ្ពស់របស់ក្រុមនេះ។
គួរបញ្ជាក់ថា ប្រទេសកាតា ដែលបាននិងកំពុងសម្របសម្រួលរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការវាយប្រហារ «ដ៏កំសាក» របស់អ៊ីស្រាអែលលើមន្ត្រីហាម៉ាស ហើយបានហៅទង្វើនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ៕
