ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅកាន់បិណ្ឌវេនទី៣ នៅវត្តឈើទាលខ្ពស់ (ហៅវត្តក្តីតាកុយ) ក្នុងសង្កាត់វាលស្បូវ 

83

ភ្នំពេញ ៖ នៅ រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងភរិយា លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងភរិយា រួមជាមួយលោក-លោកស្រី អភិបាលរងខណ្ឌ កងកម្លាំង មន្រ្តីរាជការចំណុះរដ្ឋបាលខណ្ឌច្បារអំពៅ ចូលរួមក្នុងពិធីវេរ ភត្តាហារ ប្រគេនព្រះសង្ឃ ដារឆ្លង ជាកិច្ចបង្ហើយបុណ្យកាន់បិណ្ឌវេនទី៣ របស់រដ្ឋបាលខណ្ឌច្បារអំពៅ នៅវត្តឈើទាលខ្ពស់ (ហៅវត្តក្តីតាកុយ) ក្នុងសង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញាណក្ខន្ធបុព្វការីជន ញាតិមិត្តជិតឆ្ងាយ និងញាតកាទាំង៧សន្តាន ព្រមទាំងវីរយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ។

ជាមួយគ្នានេះ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ នៅតាមទីអារាម ទាំង២៤វត្ត ទូទាំងខណ្ឌច្បារអំពៅ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដាក់ចេញជាផែនការអនុវត្តអោយបានល្អប្រសើរ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ មកធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជំបិណ្ឌ ។ មិនតែប៉ុណ្ណោះបញ្ហាបរិស្ថាន អនាម័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយព្រះគ្រូចៅអធិការទាំង២៤វត្ត រៀបចំបានយ៉ាងល្អប្រសើរ។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរៀបចំចាត់ចែងរួចជាស្រេច សម្រាប់ការពារសន្តិសុខសុវត្ថិភាព ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលលោកបាន មកធ្វើបុណ្យនៅទីវត្តអារាម ដើម្បីផ្តល់ភាពកក់ក្តៅដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមកធ្វើបុណ្យប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ។

ផ្ដើមចេញ ពីការយកចិត្តទុកដាក់ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យនៅតាមទីអារាម បានធ្វើឲ្យព្រះគ្រូចៅអធិការគ្រប់វត្ត មានការកក់ក្តៅលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ ព្រះគ្រូចៅអធិការវត្ត ក៏បានថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីអារាម ទាំង២៤ ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ  ៕

អត្ថបទដែលជាប់ទាក់ទង