ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនបានចំនួន២២១គ្រឿងក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ

197

ក្រុងមូស្គូ៖ នាថ្ងៃសុក្រ ទី១២ ខែកញ្ញា រុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនសរុប២២១គ្រឿង របស់អ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ ខណៈប្រទេសទាំងពីរ នៅតែបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមមួយ ដែលបានអូសបានជាង៣ឆ្នាំមកហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្ទាក់និងកម្ទេចយន្តហោះដ្រូនទាំងនោះ ដែលជាងពាក់កណ្តាល បានហោះនៅលើតំបន់ Bryansk និង Smolensk។ រីឯអាជ្ញាធរតំបន់ Leningrad របស់រុស្ស៉ី បាននិយាយថា អំឡុងការវាយប្រហារពីដ្រូនរបស់អ៊ុយក្រែន អគ្គិភ័យមួយកន្លែងបានកើតឡើង នៅកំពង់ផែ Primorsk។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់អ៊ុយក្រែន គឺបន្ទាប់ពីប៉ូឡូញដែលស្ថិតនៅជាប់អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីថា ចល័តដ្រូនបំពានចូលទឹកដីរបស់ខ្លួន អំឡុងការវាយប្រហារតាមផ្លូវអាកាសលើភាគខាងលិចអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។ ទីក្រុងមូស្គូ បានបដិសេធថា ខ្លួនមិនបានកំណត់គោលដៅលើប៉ូឡូញឡើយ។ ទោះបែបនេះក្តី បារាំងនិងអាល្លឺម៉ង់ បានចាត់វិធានការជួយ ពង្រឹងការការពារដែនអាកាសរបស់ប៉ូឡូញ ហើយក្រុមប្រឹក្សាសន្តិសុខ UN បានកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាលើរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង