ការស៉ើបអង្កេតរបស់ UN រកឃើញថាអ៉ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាចាប់តាំងពីខែតុលាឆ្នាំ២០២៣មក
យូអិនUN ៖ នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ក្រុមអ្នកស៉ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ពួកគេបានឈានដល់ ការសន្និដ្ឋានថា អ៉ីស្រាអែលចាប់តាំងតែពីខែតុលា ឆ្នាំ២០២៣មក គឺពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ជាមួយគោលបំណងកម្ទេចជនជាតិប៉ាឡេស្ទីន នៅក្នុងដែនដីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Navi Pillay ដែលជាប្រធានគណៈកម្មការស៉ើបអង្កេតឯករាជ្យអន្តរជាតិរបស់ UN ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅក្នុង ដែនដីប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រា បាននិយាយយ៉ាងដូច្នេះថា «យើងបានឈានដល់ការសន្និដ្ឋានចុងក្រោយថា អំពើប្រល័យពូជសាសន៍ បាននិងកំពុងតែកើតឡើងនៅហ្កាហ្សា ហើយប្រទេសអ៉ីស្រាអែល គឺជាអ្នកប្រព្រឹត្ត»។
របាយការណ៍របស់គណៈកម្មការខាងលើ បានគូសបញ្ជាក់ទៀតថា ប្រធានាធិបតីអ៉ីស្រាអែល លោក Issac Herzog, នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant គឺជាអ្នកដែលជំរុញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយអាជ្ញាធរនៅអ៉ីស្រាអែល បរាជ័យក្នុងការធ្វើសកម្មភាពប្រឆាំងនឹងពួកគេ ដើម្បីដាក់ទោសចំពោះការជំរុញបែបនេះ។
គួរបញ្ជាក់ថា សង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា ដែលផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាសប៉ាឡេស្ទីន បានឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើ អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គិតមកទល់ពេលនេះ បានបន្តផ្តាច់ជីវិតមនុស្សជិតដល់៦៥០០០នាក់ ហើយបាន និងកំពុងបង្កវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រឆាំង លោក Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ លោក Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់សង្រ្គាមហ្កាហ្សា៕

