អ៉ីរ៉ង់ប្រហារជីវិតបុរសម្នាក់ទៀតដែលត្រូវបានចោទប្រកាន់ថាលួចយកការណ៍ឱ្យអ៉ីស្រាអែល
តេហេរ៉ង់៖នាថ្ងៃពុធ ទី១៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសអ៉ីរ៉ង់ បានរាយការណ៍ថា អ៉ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
បុរសខាងលើមានឈ្មោះ Babak Shahbazi រងការចោទប្រកាន់ថា បានធ្វើសកម្មភាពលួចយកការណ៍ ចាប់តាំងតែពីអំឡុងដើមឆ្នាំ២០២២មក ជាមួយបុគ្គលម្នាក់ទៀតឈ្មោះ Esmaeil Fekri ដែលត្រូវបានប្រហារជីវិតដូចគ្នា កាលពីខែមិថុនាកន្លងទៅ។ បើតាមការចោទប្រកាន់ Shahbazi បានប្រើប្រាស់តួនាទីរបស់ខ្លួន ជាអ្នកម៉ៅការដំឡើងឧបករណ៍ទប់កម្តៅ ដើម្បីប្រមូលព័ត៌មានពីទីតាំងសំខាន់ៗ ដូចជាបន្ទប់ស្តុកទិន្នន័យ និងមជ្ឈមណ្ឌលផ្សេងៗ ដែលពាក់ព័ន្ធជាមួយអង្គការនិងស្ថាប័នយោធា សន្តិសុខ និងទូរគមនាគមន៍។
គួរបញ្ជាក់ថា ដោយស្ថិតក្នុងការធ្វើសង្រ្គាមស្រមោលរយៈពេលរាប់ទសវត្សរ៍ជាមួយអ៉ីស្រាអែល អ៉ីរ៉ង់គិតមកទល់ពេលនេះ បានប្រហារជីវិតបុគ្គលជាច្រើននាក់ ដែលខ្លួនចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញចារកម្មអ៉ីស្រាអែល Mossad និងជួយសម្របសម្រួលដល់ប្រតិបត្តិការរបស់ Mossad នៅក្នុងប្រទេសអ៉ីរ៉ង់។ ការប្រហារជីវិតជនជាតិអ៉ីរ៉ង់ ដែលមានទោស ពីបទលួចយកការណ៍ឱ្យអ៉ីស្រាអែល បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំនេះ ដោយអ្នកទោសសរុបយ៉ាងហោច៩នាក់ ត្រូវបានប្រហារជីវិត ក្នុងចន្លោះពេលត្រឹមតែប៉ុន្មានខែចុងក្រោយ៕
