ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូឡូញចល័តយន្ដហោះចម្បាំងក្រោយរុស្ស៉ីវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន

188

Reuters៖យន្ដហោះចម្បាំងរបស់ប៉ូឡូញ និងសម្ព័ន្ធមិត្តត្រូវបានចល័តនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ដើម្បីធានាសុវត្ថិភាពដែនអាកាសរបស់ប៉ូឡូញ បន្ទាប់ពីរុស្ស៉ីបើកការវាយប្រហារដោយបាញ់ មីស៊ីល និងដ្រូនលើភាគខាងលិចអ៊ុយក្រែនស្ថិតនៅក្បែរព្រំដែនជាមួយប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

យោធាប៉ូឡូញ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X បានឱ្យដឹងថា «យន្ដហោះចម្បាំងរបស់ប៉ូឡូញ និងសម្ព័ន្ធមិត្តកំពុងធ្វើប្រតិបតិ្តការក្នុងដែនអាកាសរបស់យើង ខណៈប្រព័ន្ធខែលប្រឆាំងមីស៊ីលនិងប្រព័ន្ធរ៉ាដាស៊ើបការណ៍ត្រូវបានដាក់ឱ្យប្រុងជើងការកម្រិតខ្ពស់»។ 

អ៊ុយក្រែននៅព្រឹកថ្ងៃសៅរ៍នេះបានប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ីស្ទើរទូទាំងប្រទេស បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែនព្រមានពីការវាយប្រហារពីមីស៊ីល និងដ្រូនរបស់រុស្ស៉ី។ 

គួរបញ្ជាក់ថា អេស្ដូនីដែលជាសមាជិក NATO កាលពីថ្ងៃសុក្រ បានអះអាងថាយន្ដហោះចម្បាំងរុស្ស៉ី៣គ្រឿងបានបំពានចូលដែនអាកាសរបស់ខ្លួន ហើយឧបទ្ទវហេតុនេះកើតឡើងតែមួយសប្ដាហ៍ ប៉ុណ្ណោះក្រោយមានសេចក្ដីរាយការណ៍ថាដ្រូនរបស់រុស្ស៉ីបានបំពានចូលដែនអាកាសប៉ូឡូញ និងរូម៉ានីដែលជាសម្ព័ន្ធមិត្ត NATO ដែរនោះ។ ប៉ុន្តែ រុស្ស៉ីបានអះអាងថាយន្ដហោះចម្បាំងរបស់ខ្លួន មិនបានបំពានចូលដែនអាកាសអេស្ដូនីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង