ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់ NATO នៅលើប្រទេសប៉ូឡូញ

160

ក្រុងឡុងដ៍៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ បានឱ្យដឹងថា ក្រុមយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើប្រតិបត្តិការលើកដំបូង ក្រោមក្របខណ្ឌនៃបេសកកម្មការពារដែនអាកាសរបស់អង្គការ NATO លើប្រទេសប៉ូឡូញ ដែលមានគោលដៅពង្រឹងការការពារខ្លួន របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីមានការទន្ទ្រានចូលពីយន្តហោះដ្រូន ដែលត្រូវបានអះអាងថា ជារបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បេសកកម្មខាងលើ គឺជាការបញ្ជូនសញ្ញាយ៉ាងច្បាស់ៗថា ដែនអាកាសរបស់ NATO នឹងត្រូវបានការពារយ៉ាងរឹងមាំ។ ទីក្រុងឡុងដ៍ បានប្រកាសអំពីគម្រោងបេសកកម្មនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍ បន្ទាប់ពីមានយន្តហោះដ្រូនសង្ស័យជារបស់រុស្ស៉ី បានបំពានចូលដែនអាកាសរបស់ប៉ូឡូញ ហើយត្រូវបានបាញ់ទម្លាក់។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់អង់គ្លេស គឺធ្វើឡើងចំពេលផងដែរ ដែលសមាជិក NATO គឺអេស្តូទី ទើបតែបានអះអាង កាលពីថ្ងៃសុក្រសប្តាហ៍នេះថា យន្តហោះយោធារុស្ស៉ី៣គ្រឿង បានបំពានដែនអាកាសរបស់ខ្លួន រយៈពេលប្រមាណជា១២នាទី ប៉ុន្តែទីក្រុងមូស្គូ បានចេញមុខបដិសេធ៕

អត្ថបទដែលជាប់ទាក់ទង