ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអេហ្ស៉ីបនឹងដឹកនាំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពហ្កាហ្សានៅអេហ្ស៉ីប
ក្រុងគែរ៖ការិយាល័យប្រធានាធិបតីអេហ្ស៉ីប បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពហ្កាហ្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្ដើមនៅរសៀលថ្ងៃចន្ទ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសច្រើនជាង២០ ហើយគោលដៅនៃកិច្ចប្រជុំកំពូលនេះគឺបិទបញ្ចប់សង្រ្គាមហ្កាហ្សា ពង្រឹងកិច្ចប្រឹងប្រែងសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងស្វាគមន៍យុគសម័យថ្មីនៃសន្តិសុខ និងស្ថិរភាពតំបន់។
មេដឹកនាំពិភពលោកដូចជាប្រមុខ UN លោក Antonio Guterres នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និងប្រធានាធិបតីបារាំង លោក Emmanuel Macron សុទ្ធតែបានប្រកាសថានឹងចូលរួមកិច្ចប្រជុំកំពូលនៅអេហ្ស៉ីប។ តែមិនទាន់មានព័ត៌មាន ឬការបញ្ជាក់ថាតើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងមានវត្តមាននៅក្នុងទីក្រុង Sharm el-Sheikh ដែរឬក៏យ៉ាងណានោះទេ ខណៈក្រុមហាម៉ាសបាននិយាយថាពួកគេនឹងមិនចូលរួមឡើយ។
លោក Hossam Badran ជាសមាជិកការិយាល័យនយោបាយម្នាក់របស់ហាម៉ាសបានប្រាប់ AFP ក្នុងបទសម្ភាសន៍ថាក្រុមហាម៉ាសនឹងមិនមានវត្តមានក្នុងកិច្ចប្រជុំកំពូល នៅអេហ្ស៉ីបទេ ពីព្រោះហាម៉ាសបានចូលរួមកិច្ចចរចាតាមរយៈក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៉ីប៕
