ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ាគីស្ថាននិងអាហ្វហ្កានីស្ថានផ្ទុះអាវុធនឹងគ្នានៅតាមបណ្ដោយព្រំដែន ,អាហ្វហ្កានីស្ថានអះអាងថាទាហានប៉ាគីស្ថាន៥៨នាក់ត្រូវបានសម្លាប់

125

អ៉ីស្លាម៉ាបាដការផ្ទុះអាវុធបានកើតឡើងនៅតាមបណ្ដោយព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា ដោយក្រុមតាលីបង់អាហ្វហ្កានីស្ថានបានបើក ការវាយប្រហារលើប៉ុស្តិ៍ព្រំដែនរបស់ប៉ាគីស្ថាន បន្ទាប់ពីក្រុមតាលីបង់ចោទថាទីក្រុងអ៉ីស្លាម៉ាបាដបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសក្នុងទីក្រុងកាប៊ុលកាលពីប៉ុន្មានថ្ងៃមុនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ក្រុមមន្ត្រីសន្តិសុខប៉ាគីស្ថាន បាននិយាយថាពួកគេបានធ្វើការតបតយ៉ាងពេញទំហឹងទៅនឹងអ្វីដែលពួកគេហៅថាជាទង្វើបង្ករឿងគ្មានហេតុផលពីសំណាក់អាហ្វហ្កានីស្ថាន។ ការបាញ់ប្រហារគ្នាទៅវិញទៅមក បានកើតឡើងនៅតាមទីតាំងចំនួន៦ ស្ថិតនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង២។ ក្រុមតាលីបង់បានអះអាងថាពួកគេបានកាន់កាប់ប៉ុស្តិ៍ព្រំដែន ចំនួន៣ របស់ប៉ាគីស្ថាន ខណៈក្រុមមន្ត្រីសន្តិសុខប៉ាគីស្ថាននិយាយថាយោធារបស់ខ្លួនបានកម្ទេចប៉ុស្តិ៍ព្រំដែនជាច្រើនកន្លែងរបស់អាហ្វហ្កានីស្ថាន។ 

លោក Enayatullah Khowarazmi ជាអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថាន បាននិយាយថាខ្លួនបានធ្វើការសងសឹកទៅនឹងការបំពានចូលដែនអាកាសអាហ្វហ្កានីស្ថាន ដោយប៉ាគីស្ថាន ហើយថាការវាយប្រហារបានបិទបញ្ចប់កាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ។ «ប្រសិនបើភាគីម្ខាងទៀត (ប៉ាគីស្ថានបំពានដែនអាកាសរបស់ អាហ្វហ្កានីស្ថានសាជាថ្មី នោះកងកម្លាំងរបស់យើងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារដែនអាកាសរបស់ខ្លួន និងធ្វើការសងសឹកឱ្យចាស់ដៃ»។ នេះជាការគូសបញ្ជាក់របស់ លោក Khowarazmi។ 

គួរបញ្ជាក់ថា ការផ្ទុះអាវុធខាងលើកើតមានឡើង បន្ទាប់ពីទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរងការវាយប្រហារតាមផ្លូវអាកាសដែលក្រុមតាលីបង់ចោទថាជាស្នាដៃ របស់ប៉ាគីស្ថាន។ ទីក្រុងអ៉ីស្លាម៉ាបាដមិនបានទទួលខុសត្រូវលើការវាយប្រហារនេះទេ តែបានចោទរដ្ឋបាលតាលីបង់ថាកំពុងផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ដែល វាយប្រហារលើប៉ាគីស្ថាន ក្រោមការទំនុកបម្រុងពីឥណ្ឌា។ ឥណ្ឌាវិញបានច្រានចោលការចោទប្រកាន់បែបនេះ រីឯអាហ្វហ្កានីស្ថានអះអាងថាមិនបានអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបាន ប្រើសម្រាប់ការវាយប្រហារលើប្រទេសដទៃនោះទេ។ 

ចំណែក ប្រទេសក្នុងតំបន់ដូចជាអ៉ីរ៉ង់ កាតា និងអារ៉ាប៊ីសាអូឌីតក៏បានអំពាវនាវឱ្យភាគីជម្លោះទាំងសងខាងរក្សាការអត់ធ្មត់ផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃអាទិត្យ ទី១២ ខែតុលា បានអះអាងថាកងកម្លាំងអាហ្វហ្កានីស្ថានបានសម្លាប់ទាហានប៉ាគីស្ថាន ៥៨នាក់ និងចាប់ខ្លួនបាន ២៥នាក់ ក្នុងការផ្ទុះអាវុធនឹងគ្នា នៅឯតំបន់ព្រំដែននៃប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក Zabihullah Mujahid ជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែន និងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរបស់អាហ្វហ្កានីស្ថាន កំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសកម្មភាពខុសច្បាប់ត្រូវបានទប់ស្កាត់មួយផ្នែកធំ។ អ្នកនាំពាក្យរូបនេះបន្ថែមថាកងកម្លាំងតាលីបង់ ៩នាក់ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ។ តែខាងប៉ាគីស្ថាន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់អាហ្វហ្កានីស្ថាននៅឡើយទេ។ 

គួរបញ្ជាក់ថា ប៉ាគីស្ថាន នៅថ្ងៃអាទិត្យនេះដែរ បានបិទព្រំដែនជាមួយអាហ្វហ្កានីស្ថាន បន្ទាប់ពីកងកម្លាំងនៃប្រទេសទាំង២ផ្ទុះអាវុធនឹងគ្នា។ ប៉ាគីស្ថានបាន ឱ្យដឹងថាខ្លួនបានបាញ់តបត និងបាញ់កាំភ្លើងធំដោយកម្ទេចប៉ុស្តិ៍យាម ព្រំដែនជាច្រើនកន្លែងរបស់អាហ្វហ្កានីស្ថាន។ កងកម្លាំងអាហ្វហ្កានីស្ថានបានបើកការបាញ់ប្រហារលើប៉ុស្តិ៍យាមព្រំដែនរបស់ប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងអ្វីដែលក្រសួងការពារជាតិអាហ្វហ្កានីស្ថាន និយាយថា ជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថានលើទីក្រុងកាប៊ុល កាលពីព្រហស្បតិ៍កន្លងទៅនេះ។ 

ទីក្រុងអ៉ីស្លាម៉ាបាដ មិនបានទទួលខុសត្រូវលើការវាយប្រហារនេះទេ តែបានចោទប្រកាន់រដ្ឋបាលតាលីបង់ថាកំពុងផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថានដែលវាយប្រហារលើប៉ាគីស្ថាន ក្រោមការទំនុកបម្រុង ពីឥណ្ឌា។ ឥណ្ឌាវិញបានច្រានចោលការចោទប្រកាន់ បែបនេះ រីឯអាហ្វហ្កានីស្ថានអះអាងថាមិនបានអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបានប្រើសម្រាប់ការវាយប្រហារលើប្រទេសដទៃនោះទេ។ ការប្រយុទ្ធគ្នាភាគច្រើនបានបញ្ចប់ ទៅវិញ នៅព្រឹកថ្ងៃអាទិត្យនេះ តែក្នុងតំបន់ Kurram របស់ប៉ាគីស្ថានគេនៅឮសូរសំឡេងគ្រាប់កាំភ្លើង។ តាមក្រុមមន្ត្រីប៉ាគីស្ថាន ព្រំដែនសំខាន់ចំនួន២ ជាប់ជាមួយអាហ្វហ្កានីស្ថាន គឺ Torkham និង Chaman ត្រូវបានបិទនៅថ្ងៃអាទិត្យនេះ រីឯច្រកព្រំដែនយ៉ាងហោច៣ផ្សេងទៀត Kharlachi, Angoor Adda និង Ghulam Khan ក៏ត្រូវបានបិទផងដែរ៕

អត្ថបទដែលជាប់ទាក់ទង