ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្សីព្រមានពី «ដំណាក់កាលដ៏គ្រោះថ្នាក់» បើអាមេរិកហ៊ានផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន

117

ក្រុងមូស្គូ៖ វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន ដោយបានព្រមានថាសង្គ្រាមបានឈានដល់ «ដំណាក់កាលដ៏គ្រោះថ្នាក់» ជាមួយនឹងការកើនឡើងភាពតានតឹងពីគ្រប់ភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានបទស្តីពីមីស៊ីល Tomahawk គឺជាក្តីបារម្ភខ្លាំងបំផុត។ ពេលនេះពិតជាដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដោយសារភាពតានតឹងកំពុងកើនឡើងពីគ្រប់ភាគី»។

លោក ប៉េស្កូវ បានគូសបញ្ជាក់ថា ប្រសិនបើមីស៊ីល Tomahawk ដែលមានរយៈចម្ងាយ ២,៥០០គីឡូម៉ែត្រ ត្រូវបានបាញ់មកលើរុស្ស៉ី ទីក្រុងមូស្គូត្រូវតែគិតគូរថា មីស៊ីលប្រភេទនេះខ្លះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន។ លោកបានព្រមានថា «សូមស្រមៃមើល៖ មីស៊ីលរយៈចម្ងាយឆ្ងាយមួយត្រូវបានបាញ់ ហើយយើងដឹងថាវាអាចជានុយក្លេអ៊ែរ។ តើសហព័ន្ធរុស្ស៉ីគួរគិតយ៉ាងណា? តើរុស្ស៉ីគួរប្រតិកម្មបែបណា?»។

គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា លោកជិតសម្រេចចិត្តហើយលើការផ្តល់មីស៊ីលនេះ។ មុននេះ លោក វ៉្លាឌីមៀ ពូទីន ក៏បានព្រមានដែរថា ការប្រើប្រាស់មីស៊ីល Tomahawk នឹងតម្រូវឱ្យមានការចូលរួមដោយផ្ទាល់ពីយោធាអាមេរិក ដែលនឹងបង្កឱ្យមាន «ការកើនឡើងភាពតានតឹងដល់កម្រិតថ្មីមួយ»

អត្ថបទដែលជាប់ទាក់ទង