លោកត្រាំបញ្ជាឱ្យបើកប្រាក់ខែដល់កងទ័ពអំឡុងពេលមានការបិទរដ្ឋាភិបាលសហព័ន្ធ
វ៉ាស៉ីនតោន៖សេតវិមាន បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយឱ្យមន្ទីរបញ្ចកោណជាអ្នកទទួលបន្ទុកផ្ទាល់ ដើម្បីធានាថាបុគ្គលិកយោធាកំពុងបំពេញបេសកកម្ម នៅតែមានប្រាក់ខែ ទោះបីជាមានការបិទរដ្ឋាភិបាលសហព័ន្ធក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៥។
នៅក្នុងខ្លឹមសារនៃបទ បញ្ជា ប្រតិបត្តិ ដែល សេតវិមានចែកចាយ លើ ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម លោក ត្រាំ ណែនាំដល់ប្រមុខនៃមន្ទីរបញ្ចកោណ លោក Pete Hegseth ឱ្យយកប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភដែលសភាបានអនុម័ត និងមានសម្រាប់ការចំណាយក្នុងឆ្នាំសារពើពន្ធ ២០២៦ មកទូទាត់បើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកយោធាកំពុងបំពេញបេសកកម្ម ទៅតាមពេលវេលាកំណត់។
ខណៈការប្រឈមមុខដាក់គ្នា រវាងសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ អូសបន្លាយដល់សប្តាហ៍ទី ៣ យោធាដែលមានកាតព្វកិច្ចចំនួន ១.៣លាននាក់ ត្រូវប្រថុយធ្វើការដោយគ្មានប្រាក់ខែ ពាក់កណ្តាលខែរបស់ពួកគេ។ យោធានៅតែបំពេញកាតព្វកិច្ច ទោះបីជាមានការបិទរដ្ឋាភិបាលសហព័ន្ធ ចាប់តាំងថ្ងៃទី១ ខែតុលា ពីព្រោះចាត់ទុកថាការងាររបស់ពួកគេ ចាំបាច់សម្រាប់សន្តិសុខជាតិ៕
