ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែលថាបទឈប់បាញ់និងការផ្តល់ជំនួយនឹងបន្តឡើងវិញនៅហ្កាហ្សាក្រោយការវាយប្រហារតាមអាកាសសម្លាប់មនុស្ស៤៥នាក់

147

ហ៊្សេរុយសាឡិម៖ កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា យោធាអ៉ីស្រាអែល បាននិយាយថា ការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមបន្តឡើងវិញហើយ ក្រោយការវាយប្រហារមួយដែលសម្លាប់ទាហានរបស់ខ្លួន២នាក់ បានញ៉ាំងឱ្យយោធាអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ដែលខាងប៉ាឡេស្ទីនអះអាងថា បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទន្ទឹមគ្នានេះ ការដឹកជញ្ជូនជំនួយចូលទៅហ្កាហ្សា ក៏នឹងត្រូវបន្តឡើងវិញនាថ្ងៃចន្ទនេះផងដែរ មិនយូរប៉ុន្មានបន្ទាប់ពីអ៉ីស្រាអែល បានប្រកាសផ្អាក ដើម្បីឆ្លើយតបចំពោះអ្វីដែលខ្លួនចោទប្រកាន់ថា ជាការបំពានច្បាស់ៗពីសំណាក់ក្រុមហាម៉ាសចំពោះបទឈប់បាញ់។ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើ គោលដៅរបស់ហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីមានការបាញ់មីស៉ីលប្រឆាំងរថក្រោះ និងការបាញ់ប្រហារមកលើកងទ័ពខ្លួន ហើយបណ្តាលឱ្យទាហាន២នាក់ស្លាប់។

ខាងអាជ្ញាធរប៉ាឡេស្ទីន បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ពាសពេញហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោច៤៥នាក់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ក៏បាននិយាយដែរថា បទឈប់បាញ់ដែលរូបលោកជាអ្នកសម្របសម្រួលសម្រេចបាន និងដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា គឺនៅរក្សាដដែល ហើយលោកជឿថា មេដឹកនាំរបស់ហាម៉ាស ទំនងជាមិនជាប់ពាក់ព័ន្ធសកម្មភាពបំពានបទឈប់បាញ់ឡើយ ពោលគឺការបំពានទាំងនោះ ប្រហែលត្រូវបានប្រព្រឹត្តដោយ សមាជិកហាម៉ាស ដែលធ្វើសកម្មភាពដោយឯករាជ្យពីថ្នាក់ដឹកនាំ។

ការវាយប្រហារតាមអាកាសខាងលើ ធ្វើឱ្យគេនឹកឃើញដល់ចំណាត់ការឆ្លើយតបរបស់អ៉ីស្រាអែល ចំពោះអ្វីដែលខ្លូន ចាត់ទុកជាការបំពានធ្ងន់ធ្ងរជុំវិញបទឈប់បាញ់ ជាមួយក្រុមហេសបូឡានៅឯប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស កាលពីចុងឆ្នាំ២០២៤ ពោលគឺមិនដល់មួយសប្តាហ៍ឡើយក្រោយវាចូលជាធរមាន និងក្រោយការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជាច្រើនថ្ងៃ ក៏ប៉ុន្តែបទឈប់បាញ់នោះ គឺត្រូវបានរក្សាមកទល់សព្វថ្ងៃ។ 

គួរបញ្ជាក់ថា ឧបសគ្គធំៗខ្លាំងជាច្រើន នៅតែកំពុងបន្តស្ថិតលើផ្លូវ ដើម្បីឆ្ពោះទៅរកសន្តិភាពរឹងមាំយូរអង្វែងសម្រាប់តំបន់ហ្កាហ្សា ជាទីដែលបទឈប់បាញ់ដំបូងមួយ បានដួលរលំកាលពីខែមីនា ឆ្នាំនេះ ក្រោយសង្រ្គាមមានភាពស្ងប់ស្ងាត់រយៈពេលជិត២ខែ ហើយស្រាប់តែអ៉ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារយ៉ាងចាស់ដៃសាជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង