ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកចោទប្រកាន់នាយកក្រុមហ៊ុនម៉ៅការរដ្ឋាភិបាលម្នាក់ថាបានលក់ព័ត៌មានសម្ងាត់ពាណិជ្ជកម្មឱ្យអ្នកទិញនៅរុស្ស៉ី

74

វ៉ាស៉ីនតោន៖រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់អតីតនាយកម្នាក់នៃក្រុមហ៊ុនម៉ៅការរដ្ឋាភិបាល ដែលផ្តល់ឧបករណ៍ស៉ើបការណ៍សម្ងាត់តាមអ៉ីនធឺណិត ដល់ទីភ្នាក់ងារសហព័ន្ធ ពីការលក់ព័ត៌មានសម្ងាត់ពាណិជ្ជកម្ម ទៅឱ្យអ្នកទិញនៅក្នុងប្រទេសរុស្ស៉ី ក្នុងតម្លៃ ១.៣លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០២៥។

នៅក្នុងឯកសារដាក់ជូនតុលាការក្នុងទីក្រុងវ៉ាស៉ីនតោន រដ្ឋអាជ្ញាបានឱ្យដឹងថា លោក Peter Williams បានលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មចំនួន ៨ ពីក្រុមហ៊ុនចំនួនពីរ ចាប់ពីខែមេសា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៥ ដោយមានចេតនាលក់ព័ត៌មានសម្ងាត់ទាំងនោះ ទៅឱ្យអ្នកទិញនៅរុស្ស៉ី។

ឯកសារនោះមិនមានបញ្ជាក់ពីកន្លែង ដែលលោក Williams ធ្វើការ ឬក្រុមហ៊ុនដែលលោកបានលួចយក ព័ត៌មានសម្ងាត់ទាំងនោះទេ។ ប៉ុន្តែលោក Williams មានឈ្មោះក្នុងក្រុមហ៊ុន L3Harris Trenchant របស់អង់គ្លេស កាន់តួនាទីអ្នកគ្រប់គ្រងទូទៅ ចាប់ពីខែតុលា ឆ្នាំ ២០២៤ រហូតដល់លោកលាលែងពីតំណែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥។ ក្រុមហ៊ុននេះ ផលិតឧបករណ៍លួចចូលប្រព័ន្ធកុំព្យូទ័រ ហើយមានកុងត្រាជាមួយរដ្ឋាភិបាលអាមេរិក។ 

រដ្ឋអាជ្ញាសហព័ន្ធចោទប្រកាន់ថា លោក Williams រកលុយបាន ១.៣លានដុល្លារពីការលក់ព័ត៌មានសម្ងាត់ទាំងនោះ ហើយស្វែងរកការរឹបអូសយកផ្ទះមួយខ្នង នៅរដ្ឋធានីវ៉ាស៉ីនតោន និងរបស់របរប្រណីតៗ រួមទាំងនាឡិកា និងគ្រឿងអលង្ការផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មេធាវីតំណាងឱ្យលោក Williams មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់របស់ Reuters នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង