ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំថាចង់ជួបលោកគីមជុងអ៊ុនអំឡុងទស្សនកិច្ចនៅកូរ៉េខាងត្បូង

78

វ៉ាស៉ីនតោន៖កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពេលលោកស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅពេលត្រូវបានសាកសួរថា តើជំនួបរវាងមេដឹកនាំទាំងពីរ អាចកើតមានឡើងឬទេ លោក ត្រាំ បានឆ្លើយតបថា «ខ្ញុំចង់ឱ្យវាកើតមានឡើង… លោក គីម ដឹងហើយថា ខ្ញុំកំពុងធ្វើដំណើរទៅទីនោះ។ ខ្ញុំមិនច្បាស់ទេ ប៉ុន្តែយើងបានឱ្យគាត់ដឹងហើយ ហើយគាត់ដ៏ដឹងដែរថា ខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ»

កាលពីយប់ថ្ងៃសុក្រ លោក ត្រាំ បានឡើងយន្តហោះ Air Force One ចាកចេញពីសហរដ្ឋអាមេរិកហើយ ដើម្បីបំពេញទស្សនកិច្ច មកកាន់តំបន់អាស៉ី។ អំឡុងទស្សនកិច្ចនេះ បន្ទាប់ពីឈប់នៅម៉ាឡេស៉ីនិងជប៉ុន លោក ត្រាំ ត្រូវបានរំពឹងថា នឹងទៅដល់កូរ៉េខាងត្បូង នៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។

មុនការលើកឡើងរបស់លោក ត្រាំ កាលពីថ្ងៃសុក្រដដែល មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានបង្ហើបឱ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ មិនមានកាលវិភាគត្រូវជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពេលស្ថិតនៅប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយឡើយ ក្រោយមានការសង្ស័យ អំពីលទ្ធភាពនៃជំនួបរវាងមេដឹកនាំទាំងពីរ អំឡុងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៉ី។ 

ប៉ុន្តែការបង្ហើបបែបនេះ គឺបន្ទាប់ពីក្នុងថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បាននិយាយថា រូបលោកជឿជាក់ថា វាមានឱកាសច្រើនគួរសម ដែលលោក ត្រាំ នឹង ជួបលោក គីម អំឡុងទស្សនកិច្ចនៅឧបទ្វីបកូរ៉េ នាសប្តាហ៍ក្រោយ។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូងនិងបញ្ជាការដ្ឋាន UN ក្នុងសប្តាហ៍នេះ ក៏បានផ្អាកលែងឱ្យមានជាបណ្តោះអាសន្នផងដែរ នូវកម្មវិធីទេសចរណ៍ក្នុងតំបន់ JSA នៃព្រំដែនអន្តរកូរ៉េ (DMZ) ចាប់ពីចុងខែតុលានេះ រហូតដល់ដើមខែវិច្ឆិកា។ ដូច្នេះហើយ វាមិនច្បាស់នោះទេថា ជំនួបត្រាំ-គីម នឹងកើតឡើងឬមិនកើតឡើង។

គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម ធ្លាប់ជួបមុខគ្នាសរុប៣លើក កាលពីអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ គឺចន្លោះឆ្នាំ ២០១៧-២០២១ ដោយជំនួបលើកចុងក្រោយរបស់មេដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងនៅតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង