ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ឡាវ-វៀតណាមប្រកាសបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់ជិតស្និទ្ធ

78

កូឡាឡាំពួរម៉ាឡេស៊ី៖ក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានប្រកាសជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា លើច្រើន វិស័យ ជាច្រើនឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំអាហារការងារជាមួយលោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ ជំនួបពិសាអាហារការងារបានក្លាយទៅជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និង អាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ 

ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ច សហ ប្រតិ បត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ក្នុងនោះជាមួយប្រទេសឡាវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ជាមួយប្រទេសវៀតណាមវិញ សម្ដេចមហាបវរធិបតី បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។ 

ក្នុងវិស័យទេសចរណ៍វិញ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាព និង ណែនាំ ឱ្យ រដ្ឋ មន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិ បត្តិការ ទេសចរណ៍ក្នុងក្របខណ្ឌ «ប្រទេស៣ គោលដៅ១»។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។

មុននឹងបញ្ចប់, សម្ដេចមហាបវរធិបតី បានអរគុណវៀតណាម និងឡាវ ដែលបាន គាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេល កន្លង មក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង