ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនថាលោកស៉ីជីនពីងនិងលោកដូណាល់ត្រាំនឹងពិភាក្សាគ្នាស៉ីជម្រៅអំពីបញ្ហាធំៗអំឡុងជំនួបនាថ្ងៃស្អែកនៅកូរ៉េខាងត្បូង

148

ក្រុងប៉េកាំង៖ មន្ត្រីចិនបាននិយាយថា ប្រធានាធិបតីរបស់ខ្លួន លោក ស៉ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងមានកិច្ចពិភាក្សាស៉ីជម្រៅអំពីបញ្ហាធំៗ អំឡុងជំនួបកំពូលរវាងអ្នកទាំងពីរនៅឯប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។

ជំនួបខាងលើ នឹងកើតមានឡើង អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ឋអាស៉ី-ប៉ាស៉ីហ្វិក APEC ដែលប្រព្រឹត្តទៅនៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។ បើតាមក្រសួងការបរទេសចិន កិច្ចពិភាក្សាទ្វេភាគីរវាងលោក ស៉ី និង លោក ត្រាំ នឹងធ្វើឡើងនៅទីក្រុង Busan ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Gyeongju។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃពុធនេះថា «អំឡុង ជំនួបនេះ មេដឹកនាំទាំងពីរ នឹងបើកកិច្ចពិភាក្សាស៉ីជម្រៅ ជុំវិញបញ្ហាយុទ្ធសាស្រ្តរយៈពេលវែង ពាក់ព័ន្ធទំនាក់ទំនងចិនអាមេរិក ព្រមទាំងបញ្ហាធំៗដែលជាក្តីកង្វល់រួម»។ លោក Guo បានបន្តថា «យើងមានឆន្ទៈធ្វើការរួមគ្នាជាមួយភាគីអាមេរិក ដើម្បីធានាថា កិច្ចប្រជុំនេះសម្រេចបានលទ្ធផលវិជ្ជមាន ផ្តល់ទិសដៅថ្មី និងចាក់បញ្ជូលសន្ទុះថ្មី ទៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងចិនសហរដ្ឋអាមេរិក ប្រកបដោយស្ថិរភាព»

គួរបញ្ជាក់ថា កាលពីពេលស្ថិតនៅលើយន្តហោះ ឆ្ពោះទៅកាន់កូរ៉េខាងត្បូង លោក ត្រាំ បាននិយាយថា រូបលោកសង្ឃឹមថា ជំនួបជាមួយលោក ស៉ី ជីនពីង  នឹងអាចនាំឱ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយពន្ធគយចុះទៅវិញ បន្ទាប់ពីបានដាក់ ទៅលើចិន ដោយសារតែបញ្ហាថ្នាំញៀន fentanyl។ ជាមួយគ្នានោះ លោកប្រធានាធិបតីអាមេរិក ក៏បានរំពឹងថាដែរថា បញ្ហាជាច្រើននឹងត្រូវបានដោះស្រាយ អំឡុងកិច្ចពិភាក្សាជាមួយលោក ស៉ី ដែលជាជំនួបត្រូវគេរំពឹងថា នឹងផ្តោតជាចម្បងទៅលើ បញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង