ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុនលោកស៉ីជួបលោកត្រាំចិនថាខ្លួនមិនបោះបង់ចោលដាច់ខាតជម្រើសប្រើប្រាស់កម្លាំងជុំវិញបញ្ហាកោះតៃវ៉ាន់

160

ប៉េកាំងនាថ្ងៃពុធនេះ អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយថា ចិនដាច់ខាតនឹងមិនបោះបង់ចោល នូវជម្រើសនៃការប្រើប្រាស់កម្លាំងជុំវិញបញ្ហាកោះតៃវ៉ាន់ឡើយ ខណៈប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងត្រូវជួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។

លោក Peng Qing’en អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន បានលើកឡើងថា ការបង្រួបបង្រួមគ្នាដោយសន្តិវិធីជាមួយតៃវ៉ាន់ នៅក្រោមគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» គឺជាមូលដ្ឋានគ្រឹះ ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់។ លោក Peng បាននិយាយយ៉ាងដូច្នេះថា «យើងមានឆន្ទៈបង្កើតឱកាសធំទូលាយគ្រប់គ្រាន់ សម្រាប់ការបង្រួបបង្រួមគ្នាដោយសន្តិវិធី ហើយនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចគោលដៅនេះ ប្រកបដោយភាពស្មោះត្រង់បំផុត។ យ៉ាងណាមិញ យើងដាច់ខាតនឹងមិនបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងឡើយ ហើយរក្សាសិទ្ធិប្រើប្រាស់ចំណាត់ការចាំបាច់នានា»

យ៉ាងណាមិញ មន្រ្តីកំពូលរបស់ចិន ដែលទទួលបន្ទុកគោលនយោបាយតៃវ៉ាន់ និងត្រូវជាថ្នាក់ដឹកនាំកំពូលលំដាប់ទី៤ របស់បក្សកុម្មុយនីស្តចិន គឺលោក Wang Huning មិនបានលើកឡើងអំពីការប្រើប្រាស់កម្លាំងឡើយ នៅក្នុងសុន្ទរកថាគោលនយោបាយសំខាន់មួយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយជំនួសមកវិញ លោក Wang បានផ្តោតលើ របៀបដែលភាគីទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ពីការបង្រួបបង្រួមគ្នា។

គួរបញ្ជាក់ថា លោក ស៉ី និងលោក ត្រាំ នឹងត្រូវបើកជំនួបកំពូលទ្វេភាគី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅឯប្រទេសកូរ៉េខាងត្បូង ក្រៅព្រឹត្តិការណ៍វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក APEC។ នាថ្ងៃពុធនេះ លោក ត្រាំ បាននិយាយថា រូបលោកមិនច្បាស់ទេថា នឹងជជែកអំពីបញ្ហាតៃវ៉ាន់ ជាមួយលោក ស៉ី ដែរឬអត់ ខណៈកិច្ចប្រជុំត្រូវបានរំពឹងថា នឹងផ្តោតជាចម្បង លើបញ្ហាវិវាទពាណិជ្ជកម្មរវាងកំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង