ចិនប្រកាសផ្អាករយៈពេល១ឆ្នាំវិធានការរឹតត្បិតការនាំចេញរ៉ែកម្រក្រោយជំនួបកំពូលរវាងលោកស៉ីនិងលោកត្រាំ
ប៉េកាំង៖នាថ្ងៃព្រហស្បតិ៍នេះ ចិនបានប្រកាសថា ខ្លួននឹងផ្អាករយៈពេល១ឆ្នាំ នូវវិធានការរឹតត្បិតការនាំចេញមួយចំនួន ក្នុងនោះរួមបញ្ចូលទាំងវិធានការលើរ៉ែកម្រ ដែលត្រូវបានប្រកាសកាលពីដើមខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។
កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀត ទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯប្រទេសកូរ៉េខាងត្បូង ក្រសួងពាណិជ្ជកម្មចិន នាពេលនេះ ក៏បានប្រកាសថា ខ្លួននឹងផ្អាកវិធានការនោះវិញ សម្រាប់រយៈពេល១ឆ្នាំ។
គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក ស៉ី ជីនពីង លោក ត្រាំ ក៏បានប្រាប់ឱ្យដឹងដែរថា ភាគីទាំងពីរ បានឈានដល់ការព្រមព្រៀង ស្តីពីការផ្គត់ផ្គង់រ៉ែកម្រ ដែលមានរយៈពេល១ឆ្នាំ ហើយអាចចរចាពន្យាររយៈពេលថែមទៀតបាន ជារៀងរាល់ឆ្នាំ។ បើតាមលោក ត្រាំ ចិនថែមទាំងបានយល់ព្រមទិញសណ្តែកសៀងអាមេរិកឡើងវិញ និងផលិតផលកសិកម្មដទៃទៀត ក្នុងបរិមាណយ៉ាងច្រើន ហើយបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់លំហូរថ្នាំញៀន fentanyl។ ជាថ្នូរមកវិញ លោក ត្រាំ យល់ព្រមបន្ថយពន្ធគយដែលបានដាក់ លើចិន ពាក់ព័ន្ធបញ្ហា fentanyl ពី២០ភាគរយ មកនៅត្រឹម១០ភាគរយ។ ប្រការនេះនាំឱ្យអត្រាពន្ធគយសរុបចូលគ្នារបស់អាមេរិក លើទំនិញចិន ថយចុះពី៥៧ភាគរយ មកត្រឹម៤៧ភាគរយ៕
