ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំអនុញ្ញាតឱ្យកូរ៉េខាងត្បូងអាចផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

175

សេអ៊ូលនាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកបានផ្តល់ភ្លើងបៃតងឱ្យកូរ៉េខាងត្បូង ដើម្បីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខណៈវានឹងធ្វើឱ្យកូរ៉េខាងត្បូង ចូលក្នុងក្រុមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលមាននាវាមុជទឹកប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ បាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះ នឹងត្រូវសាងសង់នៅកន្លែងផលិតនាវាក្នុងទីក្រុង Philadelphia ជាទីដែលក្រុមហ៊ុនកូរ៉េខាងត្បូង បានបង្កើនការវិនិយោគ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការជាមួយអូស្រ្តាលីនិងចក្រភពអង់គ្លេស លើគម្រោងមួយដើម្បីឱ្យអូស្រ្តាលី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលទាក់ទងការផ្ទេរបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។ មកទល់សព្វថ្ងៃ សហរដ្ឋអាមេរិក បានចែករំលែកបច្ចេកវិទ្យានោះ តែជាមួយចក្រភពអង់គ្លេសប៉ុណ្ណោះ ហើយតាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០។

គួរបញ្ជាក់ថា នៅពេលជួបលោក ត្រាំ កាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា ការអនុញ្ញាតឱ្យកូរ៉េខាងត្បូង ផលិតនាវាមុជទឹកប៉ុន្មានគ្រឿងដើរដោយថាមពលនុយក្លេអ៊ែរ នឹងជួយសម្រាលបន្ទុកជាខ្លាំងលើ យោធាអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង