រុស្ស៉ីបាញ់ស្រោចមីស៉ីលនិងដ្រូនសរុបជាង៧០០លើអ៊ុយក្រែនផ្តាច់ជីវិតមនុស្ស២នាក់និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល
ក្រុងកៀវ៖នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងកៀវបានអះអាងថា រុស្ស៉ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាមួយយន្តហោះដ្រូននិងមីស៉ីលសរុបរាប់រយ ហើយជាលទ្ធផលបានសម្លាប់មនុស្ស២នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស រួមទាំងបង្កើនសម្ពាធកាន់តែខ្លាំងលើ បណ្តាញថាមពលដ៏ផុយស្រួយរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិលនិងថាមពល នៅក្នុងតំបន់សរុបចំនួន៩ ព្រមទាំងរដ្ឋធានីកៀវ។ ក្រុមហ៊ុនថាមពលឯកជនធំជាងគេរបស់អ៊ុយក្រែន DTEX បានប្រាប់ថា ស្ថានីយថាមពល បានរងការខូចខាតនៅតំបន់ជាច្រើន។ នៅទីក្រុង Zaporizhzhia ភាគខាងត្បូង អាជ្ញាធរអ៊ុយក្រែន បានអះអាងថា មនុស្ស២នាក់បានស្លាប់ និង១៧នាក់បានរងរបួស ក្នុងនោះ៦នាក់ជាកុមារ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើមីស៉ីលនិងដ្រូន ប្រឆាំងលើទីតាំងឧស្សាហកម្មយោធា ហេដ្ឋារចនាសម្ព័ន្ធថាមពល និងមូលដ្ឋានទ័ពអាកាសរបស់អ៊ុយក្រែន។ ខាងយោធាអ៊ុយក្រែនវិញ បាននិយាយថា ការវាយប្រហារតាមអាកាសថ្មីចុងក្រោយរបស់រុស្ស៉ី រួមមានមីស៉ីល៥២គ្រាប់ និងដ្រូន៦៥៣គ្រឿង ខណៈគោលដៅសរុបចំនួន៦២៣ ត្រូវបានបាញ់ស្កាត់។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី អំឡុងពេលទន្ទឹមគ្នា កងកម្លាំងរុស្ស៉ីបាញ់ស្កាត់ដ្រូនអ៊ុយក្រែនបាន ១៧០គ្រឿង ក្នុងនោះ៤៨គ្រឿងនៅលើតំបន់ Bryansk ដែលជាប់ព្រំប្រទល់អ៊ុយក្រែន ព្រមទាំង៩គ្រឿងនៅតំបន់មូស្គូ ដែលនៅជុំវិញរដ្ឋធានី។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមចង់ជួយសម្រេចឱ្យបាន កិច្ចព្រមព្រៀងសន្តិភាពមួយ ចាប់តាំងពីរូបលោកត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ ប៉ុន្តែមកទល់ឥឡូវ កិច្ចប្រឹងប្រែងចរចា មានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ៕
