APEC បិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំជាមួយការអំពាវនាវដោយបណ្តាមេដឹកនាំអាស៉ីប៉ាស៉ីហ្វិកឱ្យមានការចែលរំលែកផលប្រយោជន៍ពាណិជ្ជកម្ម
GYEONGJU, កូរ៉េខាងត្បូង៖ បណ្តាមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក បានអនុម័តសេចក្តីប្រកាសរួមមួយដែលសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពធន់ និងការចែករំលែកអត្ថប្រយោជន៍គ្នាក្នុងវិស័យពាណិជ្ជកម្ម នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក APEC ប្រចាំឆ្នាំ នាថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូងឆ្នាំនេះ ត្រូវបានរៀបចំឡេីងក្រោមស្រមោលនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏ខ្លាំងក្លា រាប់ចាប់ពីបញ្ហាពន្ធគយអាមេរិក រហូតដល់ការគ្រប់គ្រងការនាំចេញរបស់ចិនដែលបានដាក់សម្ពាធលើពាណិជ្ជកម្មពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួន រួមទាំងចិន និងកូរ៉េខាងត្បូង ប៉ុន្តែលោកបានចាកចេញមុនកិច្ចប្រជុំចាប់ផ្តើម។
ទស្សនរបស់ទីក្រុងវ៉ាស៉ីនតោនដែលបង្ហាញក្នុងសេចក្តីថ្លែងការណ៍រួមត្រូវបានក្រុមអ្នកវិភាគនិយាយថា មិនដូចសេចក្តីថ្លែងការណ៍កាលពីឆ្នាំមុន ដោយគ្មានការលេីកឡេីងអំពីពហុភាគីនិយម ឬអង្គការពាណិជ្ជកម្មពិភពលោកនោះឡេីយ។ លោក Heo Yoon សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Sogang ក្នុងទីក្រុងសេអ៊ូល កត់សម្គាល់ថា «យើងមិនអាចបដិសេធបានទៀតទេដែលថាមានការផ្លាស់ប្តូរ គំរូក្នុងសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក»។
ចិនបានចូលខ្លួនធ្វេីជាអ្នកតស៊ូមតិសម្រាប់ស្ថិរភាពនៃពាណិជ្ជកម្មសេរី និងបើកចំហ ហើយប្រធានាធិបតី លោក ស៉ី ជីនពីង ប្រកាសថាចិននឹងធ្វើជាម្ចាស់ផ្ទះ APEC នៅទីក្រុង Shenzhen ក្នុងឆ្នាំ ២០២៦។ តាមលោក Heo និងអ្នកវិភាគផ្សេងទៀត សេចក្តីថ្លែងការណ៍រួមនេះបង្ហាញឱ្យឃេីញថា ប្រទេសជាសមាជិកមានការប្រុងប្រយ័ត្នក្នុងការផ្តល់ចំណាប់អារម្មណ៍ ទាក់ទងទៅនឹងការណ៍ដែលថាសហរដ្ឋអាមេរិកកំពុងធ្វើឱ្យខូចរបៀបធ្វេីពាណិជ្ជកម្មសេរី ខណៈចាត់ទុកចិនជាអាណាព្យាបាលនៃពហុភាគីនិយម៕
