នាយករដ្ឋមន្រ្តីជប៉ុនស្នើចង់ជួបលោកគីមជុងអ៊ុនជុំវិញករណីជនជាតិជប៉ុនដែលត្រូវបានចាប់ជំរិតដោយកូរ៉េខាងជើង
តូក្យូ៖កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីបានស្នើឱ្យមាន ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាយូរអង្វែងមកហើយ ពាក់ព័ន្ធករណីជនជាតិជប៉ុន ដែលត្រូវបានចាប់ជំរិតដោយទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយបដិសេធអស់ជាច្រើនឆ្នាំ កូរ៉េខាងជើងបានទទួលស្គាល់កាលពីឆ្នាំ២០០២ថា ភ្នាក់ងាររបស់ខ្លួន បានចាប់ជំរិតជនជាតិជប៉ុន សរុប១៣នាក់ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ ពួកគេទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីហ្វឹកហាត់ចារជនរបស់ កូរ៉េខាងជើង អំពីភាសានិងទំនៀមទម្លាប់របស់ជប៉ុន។ យ៉ាងណាមិញ ទីក្រុងតូក្យូជឿថា កូរ៉េខាងជើងបានចាប់ជំរិតជនជាតិខ្លួន យ៉ាងហោច១៧នាក់។
លោកស្រី Takaichi បាននិយាយថា «ដើម្បីកសាងទំនាក់ទំនងថ្មីប្រសើរជាងមុន រវាងជប៉ុននិងកូរ៉េខាងជើង ខ្ញុំមានឆន្ទៈជួប ផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន»។ លោកស្រីបានប្រាប់ថា លោកស្រីបានស្នើឱ្យមានកិច្ចប្រជុំកំពូល ជាមួយលោក គីម ប៉ុន្តែកូរ៉េខាងជើង មិនទាន់ឆ្លើយតបនៅឡើយទេ។ កន្លងមក មេដឹកនាំជប៉ុនប៉ុន្មានរូប ក៏ធ្លាប់បានព្យាយាមចង់បើកកិច្ចប្រជុំកំពូលជាមួយ លោក គីម ជុងអ៊ុន ផងដែរ ពាក់ព័ន្ធបញ្ហាចាប់ជំរិតខាងលើ ប៉ុន្តែបានទទួលបរាជ័យ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពី ឆ្នាំ២០០២ និងឆ្នាំ២០០៤ ជាទីដែលរូបលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងនាពេលនោះ គឺលោក គីម ជុងអ៉ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ហើយទទួលជោគជ័យ ក្នុងការចរចានាំយកជនរងគ្រោះ៥នាក់ត្រឡប់មកវិញ។ ពេលនោះ កូរ៉េខាងជើងបានអះអាងថា ជនរងគ្រោះនៅសល់៨នាក់ទៀត គឺបានបាត់បង់ជីវិត៕
