នាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ចិនត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុងប៉េកាំង៖នាវាផ្ទុកយន្តហោះចម្បាំងទី៣ ដែលទំនើបបំផុតរបស់ប្រទេសចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្នុងពិធីដ៏ធំមួយ ដែលមានការចូលរួមដោយផ្ទាល់ ពីប្រធានាធិបតី លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតរបស់ចិន ដែលបំពាក់ជាមួយបច្ចេកវិទ្យា electromagnetic catapults។ វាធ្វើឱ្យចិនក្លាយជាប្រទេសទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំង មានបំពាក់បច្ចេកវិទ្យាទំនើបនេះ ដែលប្រើប្រាស់សម្រាប់ការហោះឡើងរបស់យន្តហោះ។ នាវា Fujian ត្រូវបានសាងសង់រួច ហើយបញ្ចេញពីកន្លែងសាងសង់ទៅដាក់លើផ្ទៃទឹក កាលពីពាក់កណ្តាល ឆ្នាំ២០២២ ខណៈការធ្វើតេស្តសាកល្បងសមត្ថភាពរបស់វានៅផ្ទៃសមុទ្រ បានចាប់ផ្តើមប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំងតែមួយគត់ផ្សេងទៀត ដែលបំពាក់បច្ចេកវិទ្យា electromagnetic catapults គឺនាវាអាមេរិក USS Gerald R. Ford។ ប៉ុន្តែនាវា Gerald Ford របស់អាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ ខណៈនាវា Fujian របស់ចិន មិនដំណើរការដោយថាមពលនុយក្លេអ៊ែរទេ។ បច្ចេកវិទ្យា electromagnetic catapults អនុញ្ញាតឱ្យយន្តហោះ អាចហោះឡើង ចេញពីនាវា បានញឹកញាប់ ក្នុងល្បឿនលឿនដោយប្រើចម្ងាយរត់ខ្លី ហើយផ្ទុកទម្ងន់បានធ្ងន់ជាងមុន ធៀបជាមួយនាវាផ្ទុកយន្តហោះចម្បាំង ដែលបំពាក់បច្ចេកវិទ្យា catapult ស៊េរីចាស់ ហៅថា steam catapults ឬមិនបំពាក់បច្ចេកវិទ្យា catapult សោះតែម្តង ដោយពឹងផ្អែកលើការធ្វើផ្នែកខាងមុខរបស់នាវាឱ្យកោងឡើងទៅលើ ដូចនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងមុនរបស់ចិន គឺ Liaoning និង Shandong៕
