ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ុយអែតនិងអ៊ុយក្រែនសហការគ្នាដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសព្វាវុធថ្មីៗ

90

ស្តុកខុល៖កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស៊ុយអែតនិងអ៊ុយក្រែន បានប្រកាសថា ពួកគេបានចុះហត្ថលេខាលើលិខិតមួយ ដែលមានគោលដៅបង្កើតមជ្ឈមណ្ឌលនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសព្វាវុធថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរ បានចុះហត្ថលេខាលើលិខិតមួយផ្សេងទៀត កាលពីខែតុលា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ដែលនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បាននិយាយថា អាចនាំទៅរកអ៊ុយក្រែនទិញយន្តហោះចម្បាំង Gripen E រហូតដល់១៥០គ្រឿង ពីស៊ុយអែត។

រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយថា កិច្ចសហប្រតិបត្តិការខាងលើ នឹងជួយពង្រឹងសមត្ថភាពរួមរបស់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍក៏ដូចជាផលិតបច្ចេកវិទ្យាថ្មីៗសម្រាប់សមរភូមិប្រយុទ្ធ។ លោក Jonson បានបន្តថា អ៊ុយក្រែននឹងចែករំលែកជំនាញរបស់ខ្លួននៅលើសមរភូមិ ហើយស៊ុយអែតនឹងប្រើប្រាស់បទពិសោធរបស់ខ្លួន ក្នុងការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបៗ។

រីឯរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Denys Shmygal បានលើកឡើងថា ស្របពេលអ៊ុយក្រែន ត្រៀមលក្ខណៈជានិច្ច ដើម្បីចុះកិច្ចសន្យាបញ្ជាទិញយន្តហោះចម្បាំង Gripen E ដែលជាម៉ូដែលថ្មី នាពេលអនាគត ទីក្រុងកៀវចង់ស្នើឱ្យស៊ុយអែត ក្នុងនាមជាមិត្ត ផ្ទេរយន្តហោះ Gripen ស៊េរីចាស់ដែលមានស្រាប់ ដើម្បីជួយការពារដែនអាកាសរបស់អ៊ុយក្រែនដោយផ្ទាល់ នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ស៊ុយអែតបានសម្រេចផ្អាកគម្រោងបញ្ជូន យន្តហោះចម្បាំង Gripen ទៅអ៊ុយក្រែន បន្ទាប់ពីបណ្តាប្រទេសដៃគូ បានស្នើឱ្យផ្តល់អាទិភាពជាមុនសិន លើយន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង