ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំប្រកាសថាសហរដ្ឋអាមេរិកនឹងធ្វើពហិការមិនចូលរួមកិច្ចប្រជុំ G20 នៅអាហ្រ្វិកខាងត្បូង

127

វ៉ាស៉ីនតោនកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងមិនមានមន្រ្តីអាមេរិកណាម្នាក់ ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្រ្វិកខាងត្បូង ក្នុងខែនេះឡើយ ដោយសារការប្រព្រឹត្តអំពើអាក្រក់លើជនជាតិស្បែកស នៅក្នុងប្រទេសនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social ថា «វាគឺជារឿងដ៏អាម៉ាស់បំផុត ដែលកិច្ចប្រជុំG20 នឹងរៀបចំឡើងនៅ អាហ្រ្វិកខាងត្បូង»។ រដ្ឋបាលលោក ត្រាំ បានចោទប្រកាន់ថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង រើសអើងជនជាតិស្បែកសដែលរស់នៅ ទីនោះ ដោយសម្អាងលើសេចក្តីរាយការណ៍អំពីករណីរឹបអូសដីធ្លី និងអំពើហិង្សា។ យ៉ាងណាមិញ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានចេញមុខបដិសេធ។

គួរបញ្ជាក់ថា ដំបូងឡើយ កាលពីខែកញ្ញា លោក ត្រាំ បានប្រកាសថា នឹងមិនចូលរួមកិច្ចប្រជុំ G20 ឆ្នាំនេះដោយផ្ទាល់ទេ ប៉ុន្តែអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance នឹងទៅចូលរួមជំនួស ប៉ុន្តែក្នុងការបង្ហោះសារកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក បាននិយាយថា «នឹងពុំមានមន្រ្តីរដ្ឋាភិបាលអាមេរិកណាម្នាក់ ទៅចូលរួមឡើយ ដរាបណាទង្វើរំលោភបំពានសិទ្ធិមនុស្សទាំងនេះ នៅតែបន្ត។ កាលពីប៉ុន្មានថ្ងៃមុន លោក ត្រាំ ក៏បាននិយាយដែរថា អាហ្រ្វិកខាងត្បូង គួរតែត្រូវបណ្តេញចេញពីក្រុម G20 តែម្តង៕

អត្ថបទដែលជាប់ទាក់ទង