រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រគល់ឋានៈ «វីរជនជាតិ» ដល់អតីតប្រធានាធិបតីបុរសខ្លាំងស៊ូហារតូ
ហ្សាការតា៖រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានប្រគល់ឋានៈជាវីរជនជាតិ ជូនដល់អតីតប្រធានាធិបតី ស៊ូហារតូ (Suharto) ដែលត្រូវបានបង្ខំឱ្យចុះចេញពីតំណែងក្នុងឆ្នាំ១៩៩៨ ដោយសារបាតុកម្មហិង្សា ដែលបានបញ្ចប់ការគ្រប់គ្រងរយៈពេលបីទសវត្សរ៍របស់លោក ដែលពោរពេញទៅដោយការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ អំពើពុករលួយ និងបក្ខពួកនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឋានៈនេះត្រូវបានប្រគល់ជូននៅក្នុងពិធីមួយ ក្រោមអធិបតីភាពរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ដែលជាអតីតកូនប្រសាររបស់លោក ស៊ូហារតូ ទោះបីជាមានការតវ៉ាពីសំណាក់សកម្មជនគាំទ្រប្រជាធិបតេយ្យ និងគ្រួសារអ្នករងគ្រោះដោយសារការគ្រប់គ្រងដ៏ឃោរឃៅរបស់មេដឹកនាំផ្តាច់ការរូបនេះក៏ដោយ។
លោក ស៊ូហារតូ ដែលបានទទួលមរណភាពក្នុងឆ្នាំ២០០៨ គឺជាមនុស្សម្នាក់ក្នុងចំណោម ១០នាក់ដែលបានទទួលឋានៈនេះកាលពីថ្ងៃចន្ទ។ ជារៀងរាល់ឆ្នាំ ឋានៈវីរជនជាតិត្រូវបានប្រគល់ជូនជនជាតិឥណ្ឌូណេស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេស។
គួរបញ្ជាក់ថា រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនោះគឺ រូបថតរបស់លោក ស៊ូហារតូ ត្រូវបានដាក់នៅចន្លោះរូបថតរបស់អតីតប្រធានាធិបតី Abdurrahman Wahid និងសកម្មជនសិទ្ធិកម្មករ Marsinah ដែលត្រូវបានចាប់ពង្រត់ និងសម្លាប់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក ស៊ូហារតូ ផ្ទាល់តែម្ដង។ នៅពេលត្រូវបានសួរនាំ អ្នកនាំពាក្យប្រធានាធិបតី លោក Prasetyo Hadi បានជំរុញឱ្យប្រជាជនឥណ្ឌូណេស៊ី «សម្លឹងទៅមុខជាមួយគ្នា» ហើយបានលើកឡើងថា សូម្បី តែវីរជនដែលទើបត្រូវបានតែងតាំង ក៏មានចំណុចខ្វះខាតដែរ៕
