ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសចិនថា៖ជប៉ុនបញ្ជូនសារខុសធ្ងន់ធ្ងរជុំវិញបញ្ហាតៃវ៉ាន់

105

ហុងកុង លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថាជារឿងដ៏តក់ស្លុតដែលមេដឹកនាំជប៉ុនបានបញ្ជូនសារខុសដោយបើកចំហពាក់ព័ន្ធនឹងតៃវ៉ាន់ ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ មិនទាន់មានភាពធូរស្រាលនៅឡើយទេជាង២សប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក Wang Yi ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ជាមួយការសង្កត់ធ្ងន់ថាជប៉ុនកំពុងឆ្លងបន្ទាត់ក្រហម មួយដែលមិនគួរប៉ះពាល់ទាល់តែសោះ។ លោកក៏បានចោទប្រកាន់ផងដែរថានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងប៉ុនប៉ងធ្វើអន្តរាគមន៍យោធាជុំវិញបញ្ហាតៃវ៉ាន់។ លោក Wang ចង់សំដៅលើការអត្ថាធិប្បាយរបស់លោកស្រី Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដែលថាជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា ក្នុងករណីចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់។ 

ជម្លោះការទូតរវាងតូក្យូ និងប៉េកាំង បានរាលដាលដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌រវាងប្រទេសទាំង២។ កាលពីថ្ងៃសុក្រកន្លងទៅ ចិនបានលើកបញ្ហានេះជាមួយប្រមុខ UN លោក Antonio Guterres ជាមួយការប្ដេជ្ញាការពារខ្លួនឯង។ ចិនចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ និងបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង