ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០២៦កម្ពុជាជាប្រធានប្តូរវេនរៀបចំមហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC

108

ហ្សាកាតាក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទទួលជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ ឆ្នាំ២០២៦ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីបិទមហាសន្និបាត និងប្រគល់ញញួរជូនប្រធានប្តូរវេន ទៅកាន់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានការអញ្ជើញចូលរួមពីគណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។

តាងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កិត្តិសង្គហបណ្ឌិត គន់ គីម សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការទទួលជាប្រធានប្តូរវេន ដែលនេះជាមោទនភាព និងកិត្តិយសសម្រាប់សមាគម ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ, បង្កើនចំណងសាមគ្គីភាព, មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល។

កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា សកម្មភាពទាំងនោះក៏បានជួយដល់អតីតយុទ្ធជនក្នុងតំបន់ឱ្យមានភាពកាន់តែជិតស្និទ្ធ និងបង្កើនចំណងសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូលផងដែរ។

សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ ដែលមានភារកិច្ចប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការងារជាប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសារ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង