ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងអតីតមេប៉ូលិសជាតិប្រទេសកូរ៉េខាងត្បូងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

175

សេអ៊ូលអតីតអគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង លោក Kim Chang-yong ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា ខណៈប្រទេសទាំង២កំពុងបង្កើនកិច្ចប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអនឡាញ។ នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ដកស្រង់ចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង Joongang Daily។ 

ការតែងតាំងលោក Kim Chang-yong ជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា ធ្វើឡើងចំពេលកូរ៉េខាងត្បូង និងកម្ពុជាបាន និងកំពុងបង្កើនកិច្ចប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអនឡាញដែលមានជាប់ពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងដែលខ្លះជាជនឆបោក និងខ្លះទៀតជាជនរងគ្រោះ។ ការតែងតាំងអតីតអគ្គស្នងការនគរបាលជាតិជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក៏ជាសញ្ញាមួយបង្ហាញដែរពីឆន្ទៈរបស់កូរ៉េខាងត្បូងក្នុងការបង្កើនកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអនឡាញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ 

គួរបញ្ជាក់ថា លោក Kim Chang-yong បានបញ្ចប់ការសិក្សាពីសាលារបស់ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង និងធ្លាប់បម្រើការជាប្រធានការិយាល័យសុវត្ថិភាពសាធារណៈរបស់ប៉ូលិសទីក្រុងសេអ៊ូល ជាអតីតអគ្គស្នងការនគរបាលជាតិ ព្រមទាំងធ្លាប់ជាធ្វើជាកុងស៊ុលប្រចាំទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង