ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសចិនព្រមានថាជម្លោះកម្ពុជា-ថៃកំពុងបំផ្លាញដល់សាមគ្គីភាពអាស៊ានចាំបាច់ត្រូវឈានដល់បទឈប់បាញ់ជាអាទិភាព

149

ក្រុងប៉េកាំង៖រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ២០២៥នេះថាជម្លោះព្រំដែនរវាងថៃ និងកម្ពុជាកំពុងបំផ្លាញសាមគ្គីភាពអាស៊ាន ហើយគ្មានភាគីណាមួយចំណេញ ពីជម្លោះនេះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។ 

តាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang Yi បានបើកកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Prak Sokhonn និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃព្រហស្បតិ៍។ ទាំងភាគីកម្ពុជា និងថៃ បានធ្វើការសង្ខេបខ្លីៗប្រាប់លោក Wang អំពីការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីឆន្ទ:ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់មួយ។

នៅក្នុងកិច្ចសន្ទនានោះ លោកប្រមុខការទូតចិនបានសង្កត់ធ្ងន់ថាការបណ្ដែតបណ្ដោយជម្លោះរវាងថៃ និងកម្ពុជាបន្តកើតឡើងនឹងមិនផ្ដល់ផលចំណេញដល់ភាគីណាមួយទេ ខណៈវាក៏បំផ្លាញផងដែរដល់ សាមគ្គីភាពអាស៊ាន។ ដូច្នេះហើយអ្វីដែលជាអាទិភាពនៅពេលនេះ គឺគួរតែឈានដល់បទឈប់បាញ់មួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង