ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាអំណាចចិននិងសហរដ្ឋអាមេរិកនាំគ្នាចូលរួមជួយស្វែងរកបទឈប់បាញ់ថៃ-កម្ពុជានៅមុនកិច្ចប្រជុំអាស៊ាន

154

Reuters៖មហាអំណាចចិន និងសហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមជាថ្មីឡើងវិញនូវកិច្ចប្រឹងប្រែងនាំគ្នាចូលរួម ដើម្បីសម្របសម្រួលឱ្យមានបទឈប់បាញ់មួយរវាងថៃ និងកម្ពុជា នៅមុនកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ នៅក្នុងប្រទេសម៉ាឡេស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃសុក្រនេះ ដើម្បីគូសបញ្ជាក់ឡើងវិញពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន និងជំរុញឱ្យថៃបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញ។ នេះបើតាមក្រសួងការបរទេសអាមេរិក។ 

ដោយឡែក ក្រសួងការបរទេសចិនវិញ បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi វិញ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ហើយថែមទាំង និយាយទៀតផងថាភាគីទាំង២បានបង្ហាញពីបំណងចង់បន្ធូរបន្ថយភាពតានតឹង និងសម្រេចឱ្យបានបទឈប់បាញ់មួយ។ 

ចំណែកប្រធានអាស៊ានបង្ហាញសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងអំពីកិច្ចប្រជុំ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបាននិយាយថា «ការកើនឡើងជម្លោះនៅពេលនេះមានសភាពធ្ងន់ធ្ងរ ជាងឧបទ្ទវហេតុដែលកើតឡើងកន្លងមក ហើយប្រសិនបើជម្លោះនៅតែបន្ត វានឹងមិនផ្ដល់ផលចំណេញដល់ភាគីណាមួយនោះទេ ហើយនឹងបំផ្លាញសាមគ្គីភាពអាស៊ាន»។ សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងដែរថា បេសកជនពិសេសម្នាក់របស់ចិនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំង២ ក្នុងកិច្ចប្រឹងប្រែងស្ដារសន្តិភាពឡើងវិញ។ 

តាមក្រសួងការបរទេសថៃ លោក Sihasak បានគូសបញ្ជាក់ឡើងវិញពីគោលជំហររបស់ទីក្រុងបាងកក ប្រាប់ទៅកាន់ប្រមុខការទូតអាមេរិក លោក Rubio និងបានចែករំលែកព័ត៌មានអំពីមធ្យោបាយឆ្ពោះទៅមុខ ក្នុងនោះរួមមានទាំង ការចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ក្រសួងការបរទេសថៃ ក៏បានទទួលស្គាល់ដែរពីជំនួបតាមទូរស័ព្ទជាមួយលោក Wang Yi។ ខាងភាគីកម្ពុជាមិនបានធ្វើអត្ថាធិប្បាយអ្វីទេអំពីសំណើរបស់សហរដ្ឋអាមេរិក និងចិន។

 រដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្ដម Prak Sokhonn ក៏មានគម្រោងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងគូឡាឡាំពួផងដែរ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះដែលនឹងក្លាយជាជំនួបទល់មុខលើកដំបូងរវាង អន្តររដ្ឋាភិបាល ចាប់តាំងពីជម្លោះផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី៨ ខែធ្នូ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ជាប្រធានប្ដូរវេនអាស៊ាន និងដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់កាលពីខែកក្កដា បាននិយាយ ក្នុងសប្ដាហ៍នេះថាលោកមានសុទិដ្ឋិនិយមអំពីកិច្ចប្រជុំ ពីព្រោះនាយករដ្ឋមន្ត្រីថៃ និងកម្ពុជាបានបង្ហាញពីចេតនាចង់បញ្ចប់ជម្លោះ។ 

គួរបញ្ជាក់ថា ដើម្បីបញ្ចប់ជម្លោះសព្វថ្ងៃ ថៃ បានដាក់លក្ខខណ្ឌមួយចំនួនឱ្យកម្ពុជាក្នុងនោះមានប្រកាសបទឈប់បាញ់មុន តែកម្ពុជានៅតែរក្សាជំហរថាខ្លួនកំពុងការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ថៃ៕

អត្ថបទដែលជាប់ទាក់ទង