ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក To Lam បន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

140

ហាណូយគណបក្សកុម្មុយនិស្ដរបស់វៀតណាម កាលពីថ្ងៃអង្គារ ទី២៣ ខែធ្នូ បានគាំទ្រឱ្យអគ្គលេខាធិការ លោក To Lam បន្តកាន់តំណែងកំពូលនេះដដែលសម្រាប់អាណត្តិ៥ឆ្នាំខាងមុខ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។ 

AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីវៀតណាម២នាក់ ដែលបានធ្វើបទសង្ខេបខ្លីៗពីកិច្ចប្រជុំមួយជាទីដែលមន្ត្រីជាន់ខ្ពស់វៀតណាមយល់ព្រមលើបញ្ជីឈ្មោះបេក្ខជន សម្រាប់តំណែងសំខាន់ៗដែលនឹងត្រូវបានប្រកាសនៅឯសមាជបក្សនៅខែមករា ឆ្នាំ២០២៦។ មន្ត្រីម្នាក់បានប្រាប់ AFP ថា «មិនមានការផ្លាស់ប្ដូរទេ។ លោកអគ្គលេខាធិការនឹងនៅតែបន្ត កាន់តំណែងដដែលដើម្បីធានាស្ថិរភាព»។ ចំណែក មន្ត្រីម្នាក់ទៀតវិញបាននិយាយថាលោក To Lam នឹងបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ហើយក៏នឹងត្រូវបានតែងតាំងឱ្យកាន់តំណែងជា ប្រធានាធិបតីព្រមពេលជាមួយគ្នាផងដែរ ពោលគឺដូចលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលកាន់តំណែងកំពូលៗ២ដូចគ្នានេះក្នុងពេលតែមួយ។ 

គួរបញ្ជាក់ថា ការប្រកាសពីតំណែងដឹកនាំប្រទេសសំខាន់ៗរបស់វៀតណាម នឹងត្រូវបានប្រកាសជាផ្លូវការនៅឯសមាជបក្សកុម្មុយនិស្ដវៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ជាទីដែលផែនការគោលនយោបាយសំខាន់ៗក៏នឹងត្រូវបានប្រកាសផងដែរសម្រាប់រយៈពេល៥ឆ្នាំខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង