ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនព្រមានកម្លាំងខាងក្រៅដែលគាំទ្រតៃវ៉ាន់ក្រោយចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរដែនកោះនេះ

111

ក្រុងប៉េកាំង៖កាលពីនាថ្ងៃចន្ទទី២៩ធ្នូនេះ ចិនបានចេញសារព្រមានប្រឆាំងអ្វីដែលខ្លួនហៅថា កម្លាំងខាងក្រៅដែលគាំទ្រតៃវ៉ាន់ បន្ទាប់ពីយោធារបស់ខ្លួន បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរដែនកោះនេះ ក្នុងការធ្វើលំហាត់យោធាទ្រង់ទ្រាយធំមួយ ដែលនឹងផ្តោតទៅលើ ការបិទខ្ទប់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការប៉ុនប៉ងណាមួយ ដែលមានគោលដៅរារាំងការបង្រួបបង្រួមរបស់ប្រទេសចិន ជាមួយកោះតៃវ៉ាន់ មុខជានឹងបរាជ័យមិនខាន ហើយកម្លាំងខាងក្រៅ ដែលព្យាយាមប្រើប្រាស់តៃវ៉ាន់ ដើម្បីរាំងខ្ទប់ចិន និងបំពាក់អាវុធឱ្យតៃវ៉ាន់ គឺមានតែជំរុញភាពក្រអឺតក្រទមរបស់ចលនា ចង់បានឯករាជ្យនៅតៃវ៉ាន់ ព្រមទាំងរុញច្រានច្រកសមុទ្រតៃវ៉ាន់ ឱ្យធ្លាក់ទៅក្នុងស្ថានការណ៍ដ៏អាក្រក់នៃការផ្ទុះសង្រ្គាម»។

នាថ្ងៃចន្ទនេះ យោធាចិនបានដាក់ពង្រាយកងទ័ព នាវាចម្បាំង យន្តហោះចម្បាំង និងកាំភ្លើងធំ សម្រាប់ការធ្វើសមយុទ្ធធំមួយ ហៅថា Justice Mission 2025 ដែលនឹងបន្តដល់ថ្ងៃអង្គារ។ វាគឺជាលំហាត់យោធាទ្រង់ទ្រាយធំលើកទី៦ហើយរបស់ចិន គិតចាប់តាំងពីឆ្នាំ២០២២មក។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាថ្មីចុងក្រោយបង្អស់នេះ គឺកើតមានឡើង ១១ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់តៃវ៉ាន់ បានប្រកាសគម្រោងលក់សព្វាវុធ ទំហំរហូតដល់១១.‌១ពាន់លានដុល្លារ សម្រាប់កោះនេះ ជាហេតុនាំឱ្យមានតវ៉ាពីក្រសួងការពារជាតិចិន រួមជាមួយការព្រមានថា យោធាចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតប៕

អត្ថបទដែលជាប់ទាក់ទង