ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

BBC រាយការណ៍ថាថៃដោះលែងវីរៈកងទ័ពកម្ពុជា១៨រូបក្រោយរងសម្ពាធការទូតពីចិន

121

BBC៖ថៃនៅថ្ងៃពុធ ទី៣១ ខែធ្នូ បានដោះលែងវីរៈកងទ័ពកម្ពុជា១៨រូប ដែលត្រូវបានឃុំខ្លួនចាប់តាំងពីខែកក្កដាមក អំឡុងជម្លោះព្រំដែន។ ការដោះលែងនេះដែរធ្វើឡើងនៅក្រោមក្របខណ្ឌនៃបទឈប់បាញ់មួយរវាងប្រទេសទាំង២ ដែលបានឯកភាពគ្នាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ 

តាមសារព័ត៌មាន BBC បានចេញផ្សាយថា ការដោះលែងវីរៈកងទ័ពកម្ពុជា១៨រូប ត្រូវបានពន្យារពេលមួយថ្ងៃ ពោលគឺកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារតែការព្រួយបារម្ភរបស់ថៃជុំវិញសេចក្ដីរាយការណ៍អំពីការបំពានបទឈប់បាញ់។ ប៉ុន្តែការដោះលែងវីរៈកងទ័ពកម្ពុជា បានធ្វើឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីមានសម្ពាធការទូតជាបន្តបន្ទាប់របស់ចិនដើម្បីធានាឱ្យបានថា កិច្ចព្រមព្រៀងត្រូវអនុវត្ត។

គួរបញ្ជាក់ថា វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីចាប់ខ្លួនអស់រយៈពេល១៥៥ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង