ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំឡេងផ្ទុះឮដូចយន្តហោះចម្បាំងនៅរដ្ឋធានីការ៉ាកាសសង្ស័យថាអាចជាការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងវ៉េណេស៊ុយអេឡា, វ៉េណេស៊ុយអេឡាដាក់ប្រទេសក្នុងគ្រាអាសន្នក្រោយរងការវាយប្រហារយោធាពីសហរដ្ឋអាមេរិក

115

ការ៉ាកាស៖កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សំឡេងផ្ទុះលាន់លឺយ៉ាងខ្លាំង អមជាមួយសំឡេង ស្រដៀងនឹងសំឡេងយន្តហោះចម្បាំងហោះកាត់ពីលើ ត្រូវបានរាយការណ៍ នៅរដ្ឋធានីការ៉ាសនៃប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាកងារព័ត៌មាន Reuters។

ទន្ទឹមគ្នានោះ ប៉ែកខាងត្បូងនៃទីក្រុងការ៉ាកាស ក្បែរមូលដ្ឋានយោធាធំមួយរបស់វ៉េណេស៊ុយអេឡា បានដាច់ចរន្តអគ្គិសនីទាំងស្រុង។ ភ្លាមៗនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាហេតុការណ៍ផ្ទុះទាំងនោះបង្កឡើងដោយសារអ្វី។ ទាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មន្ទីរបញ្ចកោណ និងសេតវិមាន សុទ្ធតែបានឆ្លើយតបចំពោះសំណើអ្នកសារព័ត៌មាន ដែលបានសុំឱ្យផ្តល់ការអត្ថាធិប្បាយ។

ស្ថានការណ៍វិវត្តន៍ខាងលើ កើតមានស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ពង្រាយ វត្តមានយោធាក្នុងទ្រង់ទ្រាយធំសម្បើម មកកាន់តំបន់សមុទ្រ Caribbean បានបង្កើនលទ្ធភាពនៃការបើកប្រតិបត្តិការយោធាលើ ទឹកដីវ៉េណេស៊ុយអេឡា។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ត្រាំ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានវាយកម្ទេចកំពង់ផែមួយ ដែលត្រូវបានអះអាងថា បម្រើ ដល់ទូកដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា។ លោកប្រធានាធិបតីអាមេរិក មិនបានប្រាប់ថា តើវាជាប្រតិបត្តិការយោធាឬរបស់ទីភ្នាក់ងារចារកម្ម CIA ឬមួយថាតើការវាយប្រហារនោះ បានកើតឡើងនៅកន្លែងណាឱ្យច្បាស់ឡើយ ដោយគ្រាន់ត្រឹមបង្ហើបថា នៅតាមបណ្តោយឆ្នេរ។ ប្រសិនបើជាការពិត វានឹងជាការវាយប្រហារលើដីគោកជាលើកដំបូងរបស់យោធាអាមេរិក លើទឹកដីវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro មិនបានទទួលស្គាល់ឬបដិសេធ ការអះអាងរបស់លោក ត្រាំ ទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា រូបលោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពី រងសម្ពាធយោធារបស់អាមេរិក អស់រយៈពេលជាច្រើនខែមកនេះ។ លោក Maduro ធ្លាប់បានចោទថា ការបង្កើនវត្តមានយោធា របស់អាមេរិក ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក ដែលត្រូវបានអះអាងថា ជាយុទ្ធនាការបង្រ្កាបគ្រឿងញៀន គឺមានគោលដៅពិតប្រាកដ ផ្តួលរំលំរូបលោកចេញពីអំណាច ដើម្បីដណ្តើមកាន់កាប់ធនធានប្រេងបម្រុងដ៏ធំបំផុតលើពិភពលោក នៅវ៉េណេស៊ុយអេឡា។

វ៉េណេស៊ុយអេឡា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយអះអាងថា រងការវាយប្រហារយោធាពីសហរដ្ឋអាមេរិក

នាវេលាទាបភ្លឺថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro បានប្រកាសថា ប្រទេសវ៉េណេស៊ុយអេឡា បានរងការវាយប្រហារឈ្លានពានដោយយោធា ពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពី សំឡេងផ្ទុះនិងសំឡេងដូចយន្តហោះចម្បាំង លាន់លឺយ៉ាងខ្លាំង នៅរដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានកើតមានឡើង នៅរដ្ឋធានីការ៉ាកាស រួមជាមួយ រដ្ឋ Miranda, Aragua និង La Guairá ជាហេតុនាំឱ្យលោក Maduro ប្រកាសដាក់ប្រទេសទាំងមូលក្រោមគ្រាអាសន្ន។ រដ្ឋាភិបាលលោក Maduro បានថ្កោលទោសការវាយប្រហារនោះថា ជាការឈ្លានពានយោធាដ៏ធ្ងន់ធ្ងរបំផុត ធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ប្រឆាំងមកលើទឹកដីក៏ដូចជាប្រជាជនវ៉េណេស៊ុយអេឡា។

ការវាយប្រហារខាងលើនេះ កើតមានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនវត្តមាន យោធាក្នុងទ្រង់ទ្រាយធំនៅតំបន់ Caribbean ដើម្បីដាក់សម្ពាធលើលោក Nicolas Maduro អស់រយៈពេលជាច្រើនខែមកហើយ និងធ្លាប់ព្រមានម្តងហើយម្តងទៀតថា ការវាយប្រហារលើទឹកដីវ៉េណេស៊ុយអេឡា នឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានចោទលោក Maduro ជាមេខ្លោងបណ្តាញឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែលោក Maduro បានបដិសេធការជាប់ពាក់ព័ន្ធ ហើយបានចោទត្រឡប់ទៅវិញថា ទីក្រុងវ៉ាស៉ីនតោន មានគោលដៅពិតប្រាកដចង់ផ្តួលរំលំរូបលោកពី អំណាច ដោយសារប្រទេសវ៉េណេស៊ុយអេឡា មានធនធានប្រេងបម្រុងធំជាងគេនៅលើពិភពលោក។ ជាច្រើនខែមកនេះ យោធាអាមេរិកបានបង្កើនសម្ពាធលើវ៉េណេស៊ុយអេឡា តាមរយៈមធ្យោបាយផ្សេងៗ ដូចជាបិទដែនអាកាស ដាក់ទណ្ឌកម្ម វាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន និងរឹបអូសកប៉ាល់ដែលដឹកប្រេងវ៉េណេស៊ុយអេឡា ជាដើម៕

អត្ថបទដែលជាប់ទាក់ទង