ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាឡេស៉ី៖គ្រោងកំណត់សម្រាប់តំណែងនាយករដ្ឋមន្ត្រីកាន់អំណាចត្រឹមតែពីរអាណត្តិឬ១០ឆ្នាំ

142

គូឡាឡាំពួ៖នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថា ប្រទេសម៉ាឡេស៉ីមានបំណងអនុវត្ត កំណែទម្រង់ស្ថាប័នមួយចំនួននាឆ្នាំនេះ និងឆ្នាំក្រោយ រួមទាំងការកំណត់រយៈពេលពីរអាណត្តិសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ ២០២៦។ 

នៅក្នុងសុន្ទរកថាទៅកាន់មន្ត្រីរាជការ លោក អាន់វ៉ា និយាយថា រដ្ឋបាលរបស់លោកនឹងរៀបចំសេចក្តីព្រាងច្បាប់សភា ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីរហូតដល់អតិបរមា ១០ឆ្នាំ (ស្មេីនឹងពីរអាណត្តិ) ជាវិធានការមួយដែលលោកធ្លាប់បានសន្យា ក្នុងពេលឃោសនាបោះឆ្នោតកាលពី ឆ្នាំ ២០២២។ លោក អាន់វ៉ា បញ្ជាក់ថា « មនុស្សគ្រប់រូប មានដែនកំណត់រយៈពេល។ ប្រសិនបេីដល់គ្រប់ពេលកំណត់ហេីយ វាជារឿងល្អសម្រាប់យេីង ដែលត្រូវផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ»។ 

តាមលោក អាន់វ៉ា សេចក្តីព្រាងច្បាប់ដែលនឹងបំបែកតួនាទីអគ្គមេធាវីក្នុងនាមជាទីប្រឹក្សាច្បាប់កំពូលរបស់រដ្ឋាភិបាល ចេញពីមុខងាររដ្ឋអាជ្ញាសាធារណៈ នឹងត្រូវលើកមកពិភាក្សា នៅពេលដែលសភាកោះប្រជុំឡើងវិញសម្រាប់អាណត្តិទីមួយនៃឆ្នាំនេះ។ ទន្ទឹមនេះ រដ្ឋាភិបាលម៉ាឡេស៉ី ក៏មានបំណងដាក់ចេញច្បាប់ស្តីពីអ្នកទទួលបន្ទុក ដើម្បីពង្រឹងតម្លាភាពក្នុងវិស័យសាធារណៈ និងផ្តល់ឱ្យសាធារណៈជននូវបណ្តាញផ្លូវការមួយដើម្បីលើកឡើងនូវបណ្តឹងអភិបាលកិច្ច៕

អត្ថបទដែលជាប់ទាក់ទង