ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំដៀលសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួននៃបក្សសាធារណរដ្ឋថាល្ងីល្ងើក្រោយបោះឆ្នោតគាំទ្រការរឹតត្បិតអំណាចយោធារបស់លោក

169

វ៉ាស៉ីនតោន៖កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗចំពោះ សមាជិកព្រឹទ្ធសភាមួយចំនួននៃបក្សសាធារណរដ្ឋ ដោយសារតែអ្វីដែលលោកហៅថា «ភាពល្ងីល្ងើ» របស់ពួកគេ ក្នុងបោះឆ្នោត គាំទ្រចំណាត់ការសំដៅរឹតត្បិតអំណាចយោធារបស់លោក បន្ទាប់ពីការធ្វើប្រតិបត្តិការយោធាលួចលាក់ ដែលបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «គណបក្សសាធារណរដ្ឋគួរតែមានភាពអាម៉ាស់ ដោយសារតែក្រុមសមាជិកព្រឹទ្ធសភា ដែលទើបតែបានបោះឆ្នោតចូលដៃជាមួយបក្សប្រជាធិបតេយ្យ ដើម្បីប៉ុនប៉ងដកហូតអំណាច របស់យើង ក្នុងការប្រយុទ្ធនិងការពារសហរដ្ឋអាមេរិក»។ លោក ត្រាំ ថែមទាំងរិះគន់ថា ការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាទាំងនោះនៃបក្សសាធារណរដ្ឋ គឺជាទង្វើល្ងីល្ងើមួយ។

គួរបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋចំនួន៥រូប រួមជាមួយសមាជិកព្រឹទ្ធសភានៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតគាំទ្រដល់ សេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅហាមឃាត់ការបង្កអរិភាពបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអែឡា ដោយមិនមានការអនុញ្ញាតច្បាស់ៗពីសភា។ ការបោះឆ្នោតចុងក្រោយដើម្បីអនុម័តលើចំណាត់ការនោះ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅ នាសប្តាហ៍ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង