ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំគំរាមដំឡើងពន្ធ១០០ភាគរយលើកាណាដាបើហ៊ានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

181

វ៉ាស៉ីនតោននាថ្ងៃសៅរ៍ ទី២៤ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងដំឡើងពន្ធ១០០ភាគរយលើប្រទេសកាណាដា ប្រសិនបើកាណាដាហ៊ានសម្រេចជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា ប្រសិនបើកាណាដាហ៊ានតែសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការជាមួយចិន នោះនឹងត្រូវទទួលរងការដំឡើងពន្ធ១០០ភាគរយភ្លាមៗ លើទំនិញនិងផលិតផលទាំងអស់របស់កាណាដា ដែលនាំចូលមកអាមេរិក។ លោក ត្រាំ ថែមទាំងបានព្រមានថា កិច្ចព្រមព្រៀងជាមួយចិន នឹងបំផ្លាញប្រទេសកាណាដាទាំងមូល។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីកាណាដា បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីកំណត់ទាក់ទំនងឡើងវិញ រវាងប្រទេសទាំងពីរ ក្រោយវាបានធ្លាក់ដុនដាបខ្លាំង ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ បន្ទាប់ពីអាមេរិក ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២ របស់កាណាដា។

គួរបញ្ជាក់ថា ភ្លាមៗក្រោយទស្សនកិច្ចរបស់លោក Carney ទៅកាន់ចិន លោក ត្រាំ ហាក់បានបង្ហាញជំហរគាំទ្រដោយនិយាយយ៉ាងដូច្នេះថា «វាជារឿងល្អដែលលោកនាយករដ្ឋមន្រ្តី ឈានដល់កិច្ចព្រមព្រៀងជាមួយចិន ហើយប្រសិនបើអ្នកអាចសម្រេចកិច្ចព្រមព្រៀងជាមួយចិន គឺអ្នកគួរតែធ្វើ បែបនោះ»។ យ៉ាងណាមិញ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា បានកើនឡើងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការរិះគន់របស់លោក Carney លើផែនការចង់បានកោះ Greenland របស់លោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង