ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំបានសរសើរទាហានអង់គ្លេសថាជា «អ្នកចម្បាំងដ៏ក្លាហាន» ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីនាយករដ្ឋមន្ត្រីអង់គ្លេស

188

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍នេះ បានប្តូរមកសរសើរទាហានអង់គ្លេសថាជា «អ្នកចម្បាំងដ៏ក្លាហាន» វិញ បន្ទាប់ពីការអត្ថាធិប្បាយមុនរបស់លោកដែលថា កងទ័ពណាតូមិនហ៊ានចេញមុខនៅអាហ្វហ្គានីស្ថាន បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេសហៅថាជា «ការប្រមាថ និងគួរឱ្យតក់ស្លុត»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា៖ «ទាហានដ៏អស្ចារ្យ និងក្លាហានបំផុតនៃចក្រភពអង់គ្លេស នឹងនៅជាមួយសហរដ្ឋអាមេរិកជានិច្ចនៅអាហ្វហ្គានីស្ថាន ៤៥៧នាក់បានស្លាប់… ពួកគេស្ថិតក្នុងចំណោមអ្នកចម្បាំងដ៏អស្ចារ្យបំផុត»

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារមឺរ បានបញ្ជាក់ថា លោកបានជជែកជាមួយលោក ត្រាំ តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ដោយបានរំលឹកពីវីរភាពរបស់ទាហានអង់គ្លេស និងអាមេរិកដែលបានប្រយុទ្ធស្មាប្រកៀកគ្នា។ សេចក្តីរាយការណ៍ក៏បានឱ្យដឹងថា ក្តីបារម្ភរបស់ព្រះមហាក្សត្រ ឆាលស៍ ក៏ត្រូវបានបញ្ជូនទៅកាន់លោក ត្រាំ ផងដែរ។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ ហារី ដែលធ្លាប់បម្រើការនៅអាហ្វហ្គានីស្ថានចំនួនពីរលើក ក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់លោក ត្រាំ ដែរថា «ការលះបង់ទាំងនោះសមនឹងត្រូវបាននិយាយដោយការពិត និងការគោរព»៕

អត្ថបទដែលជាប់ទាក់ទង