ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសិក្សាមួយរកឃើញថាទាហានជិត២លាននាក់ស្លាប់និងរងរបួសក្នុងសង្រ្គាមអ៊ុយក្រែន

174

វ៉ាស៊ីនតោន៖ការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថាសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ក្នុងពេលជិត៤ឆ្នាំមកនេះបានបណ្ដាលឱ្យ ទាហានភាគីទាំងសងខាងជិត ២លាននាក់បានស្លាប់ រងរបួស ឬបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

នៅក្នុងការសិក្សាមួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែមករា មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ CSIS បាននិយាយថាកងកម្លាំងរបស់រុស្ស៉ីជាង ៣២៥ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងចំណោមទាហានស្លាប់ និងរងរបួសដែលត្រូវបានប៉ាន់ស្មានថាមានប្រហែល ១.២លាននាក់ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីនបញ្ជូនកងទ័ពចូលឈ្លានពាន អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាម CSIS ចាប់តាំងពីសង្រ្គាមលោកលើកទី២មក មិនធ្លាប់មានមហាអំណាចណាមួយបាត់បង់ចំនួនកងទ័ពច្រើនបែបនេះនោះទេ។ 

វិទ្យាស្ថានអាមេរិកដដែលក៏បានឱ្យដឹងដែរថាកងកម្លាំងអ៊ុយក្រែនចន្លោះពី ៥០០ ០០០ ដល់៦០០ ០០០នាក់បានស្លាប់ និងរងរបួស ហើយក្នុងនោះមានចម្លោះពី១០០ ០០០ ដល់១៤០ ០០០នាក់ត្រូវបានសម្លាប់ រាប់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥។ CSIS បានបន្ថែមទៀតថា បើបូកបញ្ចូលចំនួនស្លាប់ និងរងរបួសនៃភាគីទាំងសងខាងបញ្ចូលគ្នា តួលេខទាហាន ស្លាប់ និងរងរបួសបានឡើងដល់ ១.៨លាននាក់ ហើយអាចនឹងកើនឡើងដល់២លាននាក់ នៅនិទាឃារដូវឆ្នាំ២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង