លោក ពូទីនចាត់ទុកទំនាក់ទំនងមូស្គូ-ប៉េកាំង ជា «កត្តាស្ថិរភាពដ៏សំខាន់» , លោក ស៊ី ជីងពីងអំពាវនាវឱ្យប្រទេសទាំងពីររៀបចំ «ផែនការធំ» មួយដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសសាទរចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចសន្ទនាតាមវីដេអូនៅថ្ងៃពុធនេះ ខណៈដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជិតឈានចូលដល់ខួបទី ៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន បានចាត់ទុកទំនាក់ទំនងមូស្គូ-ប៉េកាំងថាជា «កត្តាស្ថិរភាពដ៏សំខាន់» នៅក្នុងបរិបទដែលពិភពលោកកំពុងមានភាពច្របូកច្របល់។ ចំណែកឯលោក ស៊ី វិញ បានអំពាវនាវឱ្យប្រទេសទាំងពីររៀបចំ «ផែនការធំ» មួយដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយបញ្ជាក់ថាទំនាក់ទំនងនេះកំពុងដើរលើផ្លូវត្រូវ។
គួររំលឹកថា ប្រទេសទាំងពីរបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ចិនបានក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រុស្ស៊ី តាមរយៈការបង្កើនពាណិជ្ជកម្ម។
ទោះបីជាអ៊ុយក្រែន និងអឺរ៉ុបបានចោទប្រកាន់ថាប៉េកាំងផ្តល់ជំនួយយោធាដោយផ្ទាល់ដល់រុស្ស៊ីក្តី ក៏ចិនបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាខ្លួនមិនមែនជាភាគីនៃជម្លោះនោះទេ៕
