លោកហ្សេលេនស្គី៖សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែននិងរុស្ស៉ីបិទបញ្ចប់សង្រ្គាមនៅត្រឹមខែមិថុនា
ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាសហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែន និងរុស្ស៉ីបញ្ចប់សង្រ្គាមនៅត្រឹមខែមិថុនាខាងមុខនេះ ហើយបានស្នើទទួលរៀបចំកិច្ចចរចារវាងភាគីទាំង២ នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងជំរុញឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជិត៤ឆ្នាំមកនេះ ហើយថ្មីៗនេះទីក្រុងវ៉ាស៊ីនតោនបានសម្របសម្រួល ឱ្យមានកិច្ចចរចាមួយរវាងភាគីទាំង២ក្នុងទីក្រុង Abu Dhabi។ ប៉ុន្តែមិនទាន់អាចបំបែកភាពជាប់គាំងបាននៅឡើយទេ តួយ៉ាងពាក់ព័ន្ធនឹងបញ្ហាទឹកដី។ រុស្ស៉ីសព្វថ្ងៃកំពុងកាន់កាប់ ២០ភាគរយនៃទឹកដីអ៊ុយក្រែន និងកំពុងទាមទារគ្រប់គ្រងទាំងស្រុកលើតំបន់ Donetsk នៃភាគខាងកើតរបស់អ៊ុយក្រែនជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ ប៉ុន្តែមកទល់នឹងពេលនេះ អ៊ុយក្រែនបាននិយាយថាខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ណាមួយដែលមិនអាចកំញើញទប់ស្កាត់កុំឱ្យរុស្ស៉ីឈ្លានពានជាថ្មីនៅពេលអនាគតនោះទេ។
ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្នុងពេលថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងការអត្ថាធិប្បាយជាសាធារណៈមួយនៅព្រឹកថ្ងៃសោរ៍ ទី៧ ខែកុម្ភៈ។ លោក ហ្សេលេនស្គីក៏បានបញ្ជាក់ដែរថា នឹងមិនទទួលយកឡើយនូវកិច្ចព្រមព្រៀងណាមួយដែលធ្វើឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យរបស់ជាតិ៕
