ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ីជីនពីងសាទរ «ការប្រយុទ្ធប្រឆាំងពុករលួយ» ក្នុងជួរយោធាក្រោយឧត្តមសេនីយ៍កំពូលត្រូវបានស៊ើបអង្កេត

123

ប៉េកាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានកោតសរសើរចំពោះ «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ» របស់កងទ័ព នៅក្នុងសុន្ទរកថាមួយដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធនេះ (១១ កុម្ភៈ)។ នេះគឺជាការទទួលស្គាល់ដ៏កម្រមួយអំពីបញ្ហាពុករលួយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងប៉េកាំងបានបើកការស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលៗរបស់ខ្លួន។ 

កាលពីខែមុន ក្រសួងការពារជាតិចិនបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតលើលោក ចាង យូស៊ា (Zhang Youxia) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) និងលោក លីវ ចេនលី (Liu Zhenli) ប្រធានអគ្គសេនាធិការ ដែលទទួលបន្ទុកផែនការប្រយុទ្ធ។

លោក ស៊ី បានថ្លែងទៅកាន់ទាហានតាមប្រព័ន្ធវីដេអូថា កងទ័ពរំដោះប្រជាជនបាន «ឆ្លងកាត់ការលត់ដំយ៉ាងបដិវត្តន៍នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ» និងបានជំរុញការកែតម្រូវនយោបាយយ៉ាងស៊ីជម្រៅ។ លោកបានបន្ថែមថា ឆ្នាំកន្លងទៅគឺ «មិនធម្មតា និងអស្ចារ្យ» ប៉ុន្តែកងទ័ពបានបង្ហាញថា «អាចទុកចិត្តបានទាំងស្រុង»។

គួរបញ្ជាក់ថា យុទ្ធនាការបោសសម្អាតនេះបានធ្វើឱ្យសមាជិកដ៏មានអំណាចនៃគណៈកម្មាធិការយោធាមជ្ឈិម (CMC) ថយចុះពី ៧រូបក្នុងឆ្នាំ២០២២ មកនៅត្រឹមលោក ស៊ី ជាប្រធាន និងលោក ចាង សេងមីន (Zhang Shengmin) ជាសមាជិកតែម្នាក់គត់ដែលនៅសេសសល់។ រដ្ឋមន្ត្រីការពារជាតិ លោក ដុង ជុន (Dong Jun) ក៏ត្រូវបានគេឃើញមានវត្តមាននៅក្នុងកម្មវិធីនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង