ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិកនឹងធ្វេីជាអធិបតីក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពជាមួយការរំពឹងទុកពីវត្តមានមេដឹកនាំនិងអ្នកតំណាងប្រហែល៤៧ប្រទេស

85

វ៉ាស៉ីនតោន៖កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៉ីនតោន) ក្រោមអធិបតីភាពនៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយការរំពឹងទុកថានឹងមានវត្តមានរបស់បណ្តាមេដឹកនាំ ក៏ដូចជាអ្នកតំណាងមកពី ៤៧ប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ 

ក្រុមមន្ត្រីអាមេរិកនិយាយថា លោក ត្រាំ គ្រោងប្រកាសផែនការផ្តល់មូលនិធិ និងការដាក់ពង្រាយកងទ័ពទៅកាន់តំបន់ហ្កាហ្សា នៅក្នុងកិច្ចប្រជុំនេះ។ យ៉ាងនេះក្តីការរំសាយអាវុធរបស់ក្រុមហាម៉ាស ទំហំនៃមូលនិធិកសាងឡើងវិញ និងលំហូរនៃជំនួយមនុស្សធម៌ដល់ប្រជាជនហ្កាហ្សាដែលរងទុក្ខដោយសង្រ្គាម គឺជាសំណួរចម្បងដែលទំនងជាធ្វេីតេស្តប្រសិទ្ធភាពនៃក្រុមប្រឹក្សាភិបាលថ្មីនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែទៅមុខ។  

លោក ត្រាំ នឹងថ្លែងនៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ដែលជាអគារមួយក្នុងទីក្រុងវ៉ាស៉ីនតោនទេីបនឹងបានប្តូរឈ្មោះ ហើយប្រកាសថាប្រទេសដែលចូលរួមបានរៃអង្គាសប្រាក់ចំនួន ៥ពាន់លានដុល្លារសម្រាប់មូលនិធិកសាងហ្កាហ្សាឡើងវិញ។ មន្រ្តីអាមេរិកម្នាក់និយាយថា ថវិកានេះមានរួមបញ្ចូល ១.២ពាន់លានដុល្លារពីអេមីរ៉ាត់អារ៉ាប់រួម និងគុយវ៉ែតដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្ររបស់សហរដ្ឋអាមេរិក។ 

លោក ត្រាំ ក៏នឹងប្រកាសផងដែរថា ប្រទេសជាច្រើនគ្រោងបញ្ជូនទាហានរាប់ពាន់នាក់ទៅចូលរួមក្នុងកងកម្លាំងស្ថេរភាពអន្តរជាតិ ដេីម្បីជួយរក្សាសន្តិភាពហ្កាហ្សា។ ប៉ុន្តែតាមរយៈវត្តមានអ៉ីស្រាអែល និងគ្មានអ្នកតំណាងប៉ាឡេស្ទីន វាអាចនឹងនាំមកនូវភាពចម្រូងចម្រាស់គ្នា។ មិនមានសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជា បារាំង អង់គ្លេស រុស្ស៉ី និងចិន ចូលរួមទេ៕

អត្ថបទដែលជាប់ទាក់ទង