ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងបោកពងទាកើតពីគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្ដួចផ្អើលតាមបណ្ដាញសង្គមត្រូវសម្របសម្រួលដោះស្រាយបញ្ចប់ដោយគ្មានការទារសំណង

55

ភ្នំពេញ៖រឿងរ៉ាវស្ដ្រីម្ចាស់ឡានមួយគ្រឿង បោកពងទាកូនអ្នកលក់តាមរ៉ឺម៉ក ព្រោះខឹងគ្មានលុយសងការខូចខាតនៃការប៉ះឡានខ្លួន៣០ដុល្លារផ្អើលពេញបណ្ដាញសង្គមនោះ ត្រូវបានសម្របសម្រួលបញ្ចប់ហើយនៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦នេះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ភាគីទាំងពីរបានមកជួបគ្នា និងបានសម្របសម្រួលមិនប្តឹងផ្តល់គ្នា គឺសុំបញ្ចប់បញ្ហារៀងៗខ្លួនមិនមានភាគីណាមួយទារសំណងនោះទេ។ 

លោកបានបន្ដថា ក្រោយសមត្ថកិច្ចអប់រំរួច ពួកគេទាំង២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា នារីម្នាក់បានបើករថយន្តលុចស៊ីសស្លាកលេខ ភ្នំពេញ 2CG-7680 បានប៉ះជាមួយរ៉ឺម៉កលក់ពងទាកូនបន្តិចបន្តួចដោះស្រាយគ្នាមិនទាន់រួច តែម្ចាស់រថយន្តលុចស៊ីសខាងលើបានបោក និងបោះពងទាជាច្រើនគ្រាប់ទៅលើផ្លូវបណ្ដាលឲ្យបែកខូចខាតជាច្រើន រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុ។

ហេតុការណ៍នេះនៅតាមបណ្ដោយផ្លូវស្ពានដែកចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង