ក្រុមប្រឹក្សារាជធានី ថ្លែងការកោតសរសើរចំពោះការងាររបស់រដ្ឋបាលរាជធានី ទាំងការរកចំណូល ចំណាយ និងសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការរកចំណូល ចំណាយ និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។
ការថ្លែងការកោតសរសើររបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ធ្នូ២០១៨នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ ក្នុងនោះក៏មានការប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាថ្មី១រូបផងដែរ ខណៈដែលសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញចាស់សុំលាឈប់សំរាកពីមុខតំណែង។ ក្នុងនោះត្រូវបានប្រកាសទទួលស្គាល់លោក ប៊ី ប្រេម សមាជិកបំរុងក្រុមប្រឹក្សារាជធានីភ្នំពេញជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជំនួសលោកសួន រិនឌី ដែលបានសុំលាឈប់សំរាកពីមុខតំណែង។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន ក្នុងឱកាសនៃកិច្ចប្រជុំនេះបាន ជម្រុញអោយ លេខាធិការដ្ឋាន សហការជាមួយគ្រប់ទីចាត់ការពាក់ព័ន្ធ របស់រដ្ឋបាលរាជធានីដើម្បី គ្រោងធ្វើរបាយការណ៍មួយដែលមានភាពម្ចាស់ការ នៅពេលយើងមុននឹងចប់អាណត្តិ យើងអាចឆ្លងរបាយការណ៍នេះ ដើម្បីរាយការណ៍ទៅថ្នាក់លើផង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផង។ ចំណែកការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវ
ធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងាររបស់ខ្លួននៅកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៥៦ ខែក្រោយ ថាតើការងារបានឈានដល់ចំណុចណានិងមានបញ្ហាប្រឈមអ្វីខ្លះ។
លោកម៉ប់ សារិន បានមានប្រសាសន៍ទៀតថា លទ្ធផលប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមខែ១១ឆ្នាំ២០១៨នេះ បានស្ទើតែគ្រប់ចំនួនទៅហើយ ដោយក្នុងនោះយើងបានចំណាយចំនួន៧២ភាគរយ យើងរកចំណូលបាន១១០ភាគរយ ស្មើនឹងប្រមាណ២០០លានដុល្លារ ខណៈដែលឆ្នាំ២០១៧កន្លងមកនេះយករកចំណូលបានប្រមាន១៧០លានដុល្លារប៉ុណ្ណោះ ។ លោកប្រធានក្រុមប្រឹក្សាក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំង
ចំពោះការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេងជាអភិបាលពិតជាបានអនុវត្តការងាររស់ខ្លួនល្អប្រសើរ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងពីការងារសំខាន់ៗមួយចំនួនដែលរដ្ឋបាលរាជធានីបាននឹងកំពុងអនុវត្ត ដូចជាបញ្ហា សណ្តាប់ធ្នាប់សាធារណៈជាដើម ។លោកបញ្ជាក់ថា នៅតំបន់កាំកូស៊ីធី ពីមុនមានការកកស្ទះចរាចរខ្លាំង តែក្រោយពី យើងសម្រេចយករង្វង់មូលចេញ ឃើញថា ការកកស្ទះចរាចរណ៍ត្រូវបានដោះស្រាយទៅល្អមួយកម្រិត ប៉ុន្តែបែរជាទៅស្ទះចរាចរណ៍នៅលើផ្លូវម៉ុង ឬទ្ធីពិសេសច្រកចូលផ្សារអុី អន២ ខណ្ឌសែនសុខ ពោលគឺស្ទះខ្លាំងតែម្តង ពិសេសនៅថ្ងៃបុណ្យទាន ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំដោះស្រាយជាបន្ទាន់ជាមួយរដ្ឋបាលខណ្ឌសែន សុខ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ៕
